(បែរឡាំង)៖ ក្រុមសង្រ្គោះបន្ទាន់បានរកឃើញសាកសពមួយផ្សេងទៀត នៅក្រោមគំនរបែកបាក់នៃរថភ្លើង ដែលបានក្រឡាប់ធ្លាក់ផ្លូវ នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ នាំឲ្យចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់នេះ កើនឡើងដល់ចំនួន ៥នាក់។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។
ប៉ូលិសក្នុងតំបន់ បានឲ្យដឹងតាមរយៈ Twitter ថា មានមនុស្សចំនួន ៤៤នាក់ បានរងរបួស ដោយអ្នកខ្លះទៀតរបួសធ្ងន់។ នៅថ្ងៃសៅរ៍នេះ ក្រុមជំនាញបានស្ទូចយករថភ្លើងចេញពីផ្លូវដែក បានដោយជោគជ័យ។
គួរបញ្ជាក់ថា ក្រុមមន្រ្តីកំពុងស៉ើបអង្កេត ចំពោះមូលហេតុដែលបណ្តាលឲ្យរថភ្លើងនេះ រត់ធ្លាក់ផ្លូវ ក្នុងតំបន់ភ្នំដ៏ទាក់ទាញ ដែលស្ថិតក្នុងរដ្ឋបារ៉ាវៀ (Bavaria) ប្រទេសអាល្លឺម៉ង់៕