(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមជាលើកដំបូង ដែលមានការចូលរួមរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ នៅចំពោះមុខរបាយការណ៍ ដែលឱ្យតំរុយថា កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈ សម្រាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។
សមយុទ្ធយោធារួមអាមេរិក-កូរ៉េខាងត្បូងនោះ មានរយៈពេល៣ថ្ងៃ គឺបន្តដល់ត្រឹមថ្ងៃសៅរ៍នេះ ហើយប្រព្រឹត្តទៅនៅលើ ដែនទឹកអន្តរជាតិ ក្បែរកោះអូគីណាវ៉ារបស់ប្រទេសជប៉ុន។ វារួមមាននូវលំហាត់ប្រតិបត្តិការស្តីពី ការការពារដែនអាកាស, ការប្រឆាំងនាវាចម្បាំង, ការប្រឆាំងប្រឆាំងនាវាមុជទឹក, និងការស្ទាក់សកម្មភាពសត្រូវ នៅលើដែនសមុទ្រ ជាដើម។ ទន្ទឹមគ្នានេះ កំពុងមានសញ្ញាថា ទីក្រុងព្យុងយ៉ាងកំពុងត្រៀមលក្ខណៈ ដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។
នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះ រ៉ូណាល់ រីហ្កេន (Ronald Reagan) បានចូលរួមក្នុងសមយុទ្ធខាងលើ រួមជាមួយនាវាចម្បាំងមួយចំនួនទៀត។ រីឯភាគីកូរ៉េខាងត្បូង ក៏បានបញ្ជូននាវាយោធារបស់ខ្លួន ឱ្យចូលរួមផងដែរ។
គួរបញ្ជាក់ថា វាគឺជាសមយុទ្ធយោធារួមគ្នាលើកទីមួយរវាងសម្ព័ន្ធមិត្តទាំងពីរ គិតចាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីខែឧសភា ហើយក៏ជាសមយុទ្ធយោធាទ្វេភាគីលើកដំបូងផងដែរ ដែលមានវត្តមាននាវាផ្ទុកយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក គិតតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មក៕