(ប៉េកាំង)៖ ទន្ទឹមនឹងជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងស្ថានការណ៍ជាទូទៅ វិវឌ្ឍទៅរកភាពប្រសើរជាបន្តបន្ទាប់ នៅថ្ងៃទី១ ខែមិថុនានេះ ទីក្រុងសៀងហៃបានរៀបចំឡើងវិញ ដោយគ្រប់ជ្រុងជ្រោយនូវសណ្តាប់ធ្នាប់ផលិតកម្ម និងជីវភាពរស់នៅជាប្រក្រតី។ ដំណឹងល្អអំពីទីក្រុងសៀងហៃនេះ ត្រូវបានបង្ហោះតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ចិន ដែលធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធឺណែត ចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន៖ ទីក្រុងសៀងហៃដែលមានទិដ្ឋភាពយ៉ាងអ៊ូអរ និងមមាញឹកនៅកាលពីមុន នឹងត្រឡប់មកវិញ។
ក្នុងនាមជាទីក្រុងស្នូលផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មនិងហិរញ្ញវត្ថុ មជ្ឈមណ្ឌលឧស្សាហកម្មផលិតកម្ម និងជាកំពង់ផែដ៏ធំបំផុតនៃបរិមាណ លើកដាក់កុងតឺន័រនៅទូទាំងពិភពលោក ការរៀបចំឡើងវិញដោយគ្រប់ជ្រុងជ្រោយ នូវសណ្តាប់ធ្នាប់ផលិតកម្ម និងជីវភាពរស់នៅជាប្រក្រតីនៅទីក្រុងសៀងហៃ មិនត្រឹមតែជាក្តីរំពឹងទុករបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាក្តីរំពឹងទុករបស់ពិភពលោកទាំងមូលផងដែរ។
នាពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីទីក្រុងស៊ាងហៃបានប្រកាសពីវិធានការមួយចំនួន សម្រាប់ជំរុញដោយមានរបៀបរៀបរយនូវការស្តារផលិតកម្មឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ ទីផ្សារនៅអាស៊ីត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង។ សេដ្ឋវិទូនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ច Dai-Ichi Life នៃជប៉ុនបានលើកឡើងថា គោលនយោបាយស្តីពីការស្តារផលិតកម្មឡើងវិញ ដែលទីក្រុងសៀងហៃដាក់ចេញបានក្លាយជា កត្តាវិជ្ជមានបំផុតក្នុងនិន្នាការទីផ្សារនៅពេលថ្មីៗនេះ។
គួរបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងយ៉ាងលំបាកលំបិនអស់រយៈពេលជាងពីរខែ ដំណើរស្តារផលិតកម្មឡើងវិញរបស់ទីក្រុងសៀងហៃ បានបង្ហាញឱ្យឃើញថា ការប្រកាន់ខ្ជាប់យុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម គឺជាវិធានការដ៏ចាំបាច់ដើម្បីគាំពារសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជន ព្រមទាំងរក្សាការអភិវឌ្ឍយូរអង្វែងនៃសេដ្ឋកិច្ច។ យុទ្ធនាការបង្ការជំងឺឆ្លងទាំងនេះ បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាន នូវប្រសិទ្ធភាពដ៏ធំបំផុតក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ដោយការបង់តម្លៃយ៉ាងតិចតួចបំផុត ព្រមទាំងបានធានាបាននូវសុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជននិងសណ្តាប់ធ្នាប់ផលិតកម្ម និងជីវភាពរស់នៅជាប្រក្រតីក្នុងកម្រិតអតិបរមា។
និយាយចំពោះសហគ្រាស ការរីករាលដាលនៃជំងឺកូវីដ១៩ គ្រាន់តែជាបញ្ហារំខានក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ប្រការដែលសំខាន់ជាងទៀត គឺការបង្កើតរចនាសម័្ពន្ធរយៈពេលវែង ពោលគឺធានាឱ្យខ្សែចង្វាក់ផ្គត់ផ្គង់ដំណើរការដោយរលូន ពង្រឹងការគាំទ្រផ្នែកមូលធន។ល។ គោលនយោបាយជាវិជ្ជមានមួយចំនួន ដែលក្រុងសៀងហៃបានដាក់ចេញនោះ មិនត្រឹមតែបានផ្តល់ជំនួយសម្រាប់ឱ្យ សហគ្រាសទុនបរទេសជំរុញការស្តារផលិតកម្មឡើងវិញប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវជំនឿចិត្តកាន់តែច្រើន ដល់ពួកគេធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិនផងដែរ។
តាមទិន្នន័យស្ថិតិរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំនេះ គម្រោងថ្មីៗដែលមានទំហំទុនបរទេស តាមកិច្ចសន្យាលើសពី ១រយលានដុល្លារអាមេរិក មានចំនួន១៨៥ នៅប្រទេសចិន ពោលគឺ គិតជាមធ្យម ជារៀងរាល់ថ្ងៃ បានចុះហត្ថលេខាលើគម្រោងទុនបរទេសធំៗចំនួន ១.៥។
ទំហំទីផ្សារដ៏ធំធេងនិងបរិយាកាសប្រកបអាជីវកម្មដែលត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាសមត្ថភាពច្នៃប្រឌិតថ្មី និងសមត្ថភាពទប់ទល់នឹងហានិភ័យយ៉ាងខ្លាំងក្លា បានធ្វើឱ្យទីផ្សារចិនក្លាយជាគោលដៅវិនិយោគ ដ៏មានប្រជាប្រិយភាពរបស់មូលធនជាសកល។ យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវថ្មីបំផុត ដែលចេញផ្សាយដោយសមាគមន៍ជំរុញពាណិជ្ជកម្ម នៃប្រទេសចិនបានបង្ហាញឱ្យឃើញថា នៅត្រីមាសទីមួយឆ្នាំនេះ សហគ្រាសទុនបរទេសជិត ៩០ភាគរយនៅប្រទេសចិន បានរក្សាឬពង្រីកទំហំអាជីវកម្មបច្ចុប្បន្នរបស់ខ្លួន។ ការពិតជាក់ស្តែងនិងទិន្នន័យស្ថិតិទាំងនេះ បានឆ្លើយតបតវិញយ៉ាងខ្លាំងចំពោះពាក្យសំដី ដែលឃោសនាបំប៉ោងពីអ្វីដែលហៅថា ធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់ «ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន»។
ការរំខានក្នុងរយៈពេលដ៏ខ្លីនៃជំងឺឆ្លងមិនអាចកែប្រែនិន្នាការល្អប្រសើរ នៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរនោះទេ នេះគឺជាការការយល់ដឹងជាទូទៅរបស់ឥស្សរជនវិភាគទីផ្សារ។ ក្នុងយុគសម័យណាមួយ ទីផ្សារសុទ្ធតែពោរពេញទៅដោយ បញ្ហាប្រឈមខុសៗគ្នា អ្វីដែលអ្នកផងត្រូវធ្វើនោះគឺ ស្វែងរកបានឱកាសក្នុងបញ្ហាប្រឈម។ ដោយឡែកនិយាយចំពោះទីផ្សារចិន មិនបាច់សង្ស័យឡើយ គឺជាគោលដៅពេញនិយម ដែលគួរឱ្យវិនិយោគិននៅទូទាំងពិភពលោក បង្កើតរចនាសម័្ពន្ធរយៈពេលវែង និងក្តាប់ជាប់ឱ្យបានល្អនូវឱកាសចិន៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន