(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានឱ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះថា លោកបានចំណាយពេលយ៉ាងហោចណាស់ ១០០ម៉ោង ដើម្បីពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ក្នុងរយៈពេល ៦ខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។
លោក Macron បានគូសបញ្ជាក់ថា «ស្ថានការណ៍នៅអ៊ុយក្រែនពិតជាមានភាពស្មុគស្មាញ និងពិបាកដោះស្រាយណាស់ ដូច្នេះខ្ញុំបានលះបង់ពេលវេលា និងថាមពលយ៉ាងច្រើនសម្រាប់វា។ វាពិបាកក្នុងការរាប់ចំនួន នៃការសន្ទនារបស់ខ្ញុំជាមួយលោក Putin ណាស់ ដែលវាបានចាប់ផ្ដើមតាំងពីខែធ្នូមកម្ល៉េះ»។
លោក Macron បានលើកបង្ហាញថា «យើងបានចំណោយពេលយ៉ាងហោចណាស់ ១០០ម៉ោង»។ លោក Macron បានបន្ថែមថា លោកមិនបានលាក់បាំងអំពីកិច្ចសន្ទនាទាំងនេះទេ ហើយលោកបានធ្វើឡើង តាមការស្នើសុំរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Vladimir Zelensky)។
លោក Macron បានសង្កត់ធ្ងន់ថា «រុស្ស៉ីមិនត្រូវធ្វើឱ្យទទួលរងអាម៉ាស់ឡើយ។ នៅពេលដែលអរិភាពត្រូវបញ្ចប់នៅថ្ងៃណាមួយ យើងនឹងអាចត្រួសត្រាយផ្លូវចេញពីវិបត្តិ តាមរយៈការទូត ហើយខ្ញុំជឿជាក់ថា ប្រទេសបារាំងគួរតែដើរតួ ជាអ្នកសម្រុះសម្រួល»៕