(ព្យុងយ៉ាង)៖ ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានឱ្យដឹងថា ប្រមុខដឹកនាំកំពូលរបស់ខ្លួនគឺ លោក គីម ជុងអ៊ុន បានផ្ញើសារដើម្បីអបអរសាទរ ព្រះមហាក្សត្រី អេលីហ្សាបេតទី២ (Elizabeth II) ស្របពេលដែលចក្រភពអង់គ្លេស កំពុងប្រារព្ធខួប ៧០ឆ្នាំ នៃការគ្រងរាជសម្បត្តិរបស់ទ្រង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។
ថ្ងៃសុក្រសប្តាហ៍នេះ គឺជាថ្ងៃទី២ នៃការប្រារព្ធពិធីអបអរសរុបរយៈពេល៤ថ្ងៃ ដើម្បីសាទរការគ្រងរាជ្យអស់រយៈពេល ៧០ឆ្នាំមកនេះ របស់មហាក្សត្រី Elizabeth ដែលបច្ចុប្បន្នមានព្រះជន្ម ៩៦ព្រះវស្សាហើយ។ ក្នុងសារដែលចុះកាលបរិច្ឆេទថ្ងៃទី២ ខែមិថុនា លោក គីម ជុងអ៊ុន បាននិយាយដូច្នេះថា «ខ្ញុំសូមចូលរួមអបអរទ្រង់ និងប្រជារាស្រ្តរបស់ទ្រង់ សម្រាប់ឱកាសទិវាជាតិនៅក្នុងប្រទេសទ្រង់ ក៏ដូចជាឱកាសខួបចម្រើនព្រះជន្មផ្លូវការរបស់ទ្រង់»។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនិងកូរ៉េខាងជើង ទើបតែបានបង្កើតចំណងទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ២០០០ប៉ុណ្ណោះ។ កូរ៉េខាងជើងស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមហាក្សត្រី Elizabeth មិនធ្លាប់យាងទៅនោះឡើយ អំលុងរយៈពេល គ្រងរាជ្យដ៏យូរឆ្នាំរបស់ទ្រង់។ ប៉ុន្តែទ្រង់ធ្លាប់យាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកូរ៉េខាងត្បូង៕