(កៀវ)៖ នៅថ្ងៃសៅរ៍នេះ អ៊ុយក្រែនបានអះអាងថា កងទ័ពរបស់ខ្លួនដណ្តើមបានមកវិញនូវ ទឹកដីមួយចំនួននៃទីក្រុង ស៊ីវីយឺរ៉ូដូណេត (Sievierodonetsk) បន្ទាប់ពីភាគច្រើននៃទីក្រុងឧស្សាហកម្ម នៅភាគខាងកើតអ៊ុយក្រែនមួយនេះ បានធ្លាក់ចូលកណ្តាលដៃ របស់កងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។
អភិបាលតំបន់លូហាន (Luhansk) លោក សឺហ៉ី ហ្គៃដៃ (Serhiy Gaidai) បាននិយាយថា កងទ័ពអ៊ុយក្រែនដណ្តើមបានមកវិញខ្ទង់ ២០ភាគរយ នៃទឹកដីដែលអ៊ុយក្រែន បានបាត់បង់នាពេលកន្លងមកនេះ នៅក្នុងទីក្រុង Sievierodonetsk។ បើតាមការព្យាកររបស់លោក លោក Gaidai មិនយល់ថា ទីក្រុង Sievierodonetsk អាចធ្លាក់ទៅក្នុងដៃរុស្ស៉ី ក្នុងពេលត្រឹមប៉ុន្មានសប្តាហ៍ខាងមុខឡើយ បើទោះបីជា រុស្ស៉ីកំពុងដាក់ពង្រាយទ័ពបន្ថែមក៏ដោយ។
គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១០០ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ មនុស្សសរុប រាប់សែននាក់ បានបាត់បង់ជិវិត, រាប់លាននាក់ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង ក៏ដូចជាប្រទេសរបស់ពួកគេ ហើយសេដ្ឋកិច្ចសកល ក៏ត្រូវជួបភាពរាំងស្ទះថែមទៀត។ បច្ចុប្បន្ន កងទ័ពរុស្ស៉ីកំពុងផ្តោតសំខាន់លើ ការវាយគ្រប់គ្រងតំបន់ដុនបាស់ទាំងមូល ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងការវាយយករដ្ឋធានីកៀវ៕