(កៀវ)៖ អភិបាលនៃតំបន់ Donetsk បាននិយាយថា តំបន់ Donetsk ភាគខាងកើតដែលត្រូវបានឡោមព័ទ្ធនឹងមិនដួលរលំយ៉ាងឆាប់រហ័សក្នុងការប្រឈមមុខនឹងការវាយលុករបស់រុស្ស៊ីនោះទេ ប៉ុន្តែវាត្រូវការពិភពលោកផ្តល់អាវុធបន្ថែមទៀតដើម្បីទប់ទល់ការវាយប្រហារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២។
លោក Pavlo Kyrylenko បានលើកឡើងថា កងទ័ពរុស្ស៊ីកំពុងឈរជើងនៅចម្ងាយត្រឹមតែ ១៥គីឡូម៉ែត្រប៉ុណ្ណោះ ភាគខាងជើងនៃទីក្រុង Sloviansk ដែលជាទីក្រុងធំជាងគេទីពីរដែលគ្រប់គ្រងដោយអ៊ុយក្រែននៅក្នុងតំបន់ Donetsk។ ការដណ្តើមយកតំបន់ Donetsk និង Luhansk គឺជាគោលដៅយោធាដ៏សំខាន់របស់រុស្ស៊ី។
ខណៈពេលដែលរុស្ស៊ីកំពុងនឹងជិតគ្រប់គ្រងទាំងស្រង់លើតំបន់ Luhansk និងតិចជាង ៥០ភាគរយ នៃតំបន់ Donetsk ប៉ុណ្ណោះ ដែស្ថិតនៅក្នុងដៃរបស់អ៊ុយក្រែននៅឡើយ លោក Kyrylenko បាននិយាយថា វាជាសញ្ញាបង្ហាញថារុស្ស៊ីនៅតែឆ្ងាយពីការសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការគ្រប់គ្រងទឹកដីទាំងអស់ដែលត្រូវបានគេស្គាល់ថា Donbass។
អភិបាលតំបន់រូបនេះបានលើកឡើងដូច្នេះថា «ខ្ញុំប្រាកដថា ពួកគេនឹងមិនអាចឈានទៅមុខលឿនពេកទេ។ ប៉ុន្តែទាំងនេះ វាស្រ័យលើការប្រមូលផ្តុំកម្លាំងគ្នា...ពិភពលោកត្រូវតែធ្វើកាន់តែច្រើន។ ខ្ញុំសុំទោសចំពោះពាក្យនេះ ប៉ុន្តែវាត្រូវតែអញ្ចឹង»៕