(ប៊ែកឡាំង)៖ មន្ត្រីប៉ូលីសក្នុងតំបន់បាននិយាយថា មានមនុស្ស ៣នាក់បានស្លាប់ និង១៦នាក់បានរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុក្រឡាប់រថភ្លើងមួយនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២។
អ្នកនាំពាក្យប៉ូលីសបាននិយាយថា រថភ្លើងដែលឆ្ពោះដំណើរទៅទីក្រុង Munich ផ្ទុកមនុស្សពេញបានជួបឧបទ្ទវហេតុក្រឡាប់នៅភាគខាងជើង នៃស្រុក Garmisch-Partenkirchen ដែលជារមណីដ្ឋានជិះស្គី និងដើរកម្សាន្តដ៏ពេញនិយម។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ក្នុងឧបទ្ទវហេតុខាងលើបានបណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ និងជាង ៦០នាក់រងរបួសទាំងធ្ងន់ និងស្រាល។ ក្នុងចំណោមពួកគេក៏មានសិស្សសាលាជាច្រើននាក់ផងដែរ៕