(អង់ការ៉ា)៖ ក្រុមហ៊ុនផលិតអាវុធតួកគី បេការ (Baykar) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថា បន្ទាប់ពីបានដឹងពីយុទ្ធនាការរៃអង្គាសប្រាក់ របស់ប្រជាជនលីទុយអានី ដើម្បីទិញយន្តហោះដ្រូនយោធាមួយគ្រឿង ឱ្យប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងតតាំងនៅក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៉ី, ខ្លួនបានសម្រេចចិត្ត បញ្ជូនយន្តហោះដ្រូនយោធាមួយគ្រឿង ទៅកាន់លីទុយអានី ដោយឥតគិតថ្លៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AA នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។
ក្រុមហ៊ុន Baykar បានគូសបញ្ជាក់នៅលើគណនីបណ្ដាញសង្គម Twitter ថា «ប្រជាជនលីទុយអានី បានរៃអង្គាសប្រាក់ ដើម្បីទិញយន្តហោះដ្រូនយោធា បេរ៉ាក់តា ធីប៊ីធូ (Bayraktar TB2) មួយគ្រឿងឱ្យប្រទេសអ៊ុយក្រែន។ នៅពេលដឹងរឿងនេះ, Baykar នឹងផ្តល់អំណោយយន្តហោះដ្រូនយោធា Bayraktar TB2 ដល់ប្រទេសលីទុយអានី ដោយឥតគិតថ្លៃ ហើយសុំឱ្យមូលនិធិទាំងនោះ ផ្ដល់ទៅប្រទេសអ៊ុយក្រែន សម្រាប់ជំនួយមនុស្សធម៌វិញ»។
បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុន Baykar រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក អាវីដាស់ អានូសាអ៊ូស្កាស (Arvydas Anusauskas) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសតួកគី។
លោក Anusauskas បានគូសបញ្ជាក់នៅលើគណនីបណ្ដាញសង្គម Twitter ថា «វាមិនគួរឱ្យជឿទេ ប៉ុន្តែប្រទេសតួកគីទើបតែយល់ព្រ ផ្តល់យន្តហោះដ្រូនយោធា Bayraktar ដល់ប្រទេសលីទុយអានី ដោយឥតគិតថ្លៃ។ វាពិតជាអស្ចារ្យណាស់... សូមអរគុណតួកគី!»។ លោក Anusauskas បានបន្ថែមថា រីឯប្រាក់ដែលរៃអង្គាសបាន សម្រាប់ការទិញយន្តហោះដ្រូនយោធា នឹ ផ្ដល់ទៅអ៊ុយក្រែនសម្រាប់ជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រជាជនលីទុយអានី នាំគ្នារៃអង្គាសបានប្រាក់៥លានអឺរ៉ូ (៥.៣លានដុល្លារអាមេរិក) ដើម្បីយកទៅផ្គត់ផ្គង់តាមទិញយន្តហោះដ្រូនតួកគី Bayraktar TB2 ឱ្យអ៊ុយក្រែន៕