(កៀវ)៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃសុក្រនេះ បាននិយាយថា ទីក្រុងកៀវមិនមានផែនការ ដើម្បីប្រើប្រាស់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតបានច្រើន ក្នុងពេលតែមួយ ដែលខ្លួននឹងទទួលបានពីសហរដ្ឋអាមេរិក ទៅវាយប្រហារលើមូលដ្ឋាននៅក្នុង ទឹកដីរបស់ប្រទេសរុស្ស៉ីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។
លោក មីខៃឡូ ប៉ូដូលយ៉ាក់ (Mykhailo Podolyak) ដែលជាទីប្រឹក្សារបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងតាមប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «អ៊ុយក្រែនកំពុងធ្វើសង្រ្គាមសម្រាប់តែការពារខ្លួនឯងប៉ុណ្ណោះ ដោយមិនមានផែនការប្រើប្រាស់ប្រព័ន្ធមីស៉ីល ទៅវាយប្រហារចូលដីរុស្ស៉ីនោះទេ។ រីឯដៃគូរបស់យើង ក៏ដឹងពីទីតាំងដែលអាវុធជាជំនួយរបស់ពួកគេ ត្រូវបានប្រើប្រាស់ផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីទៀត ទំហំ៧០០លានដុល្លារ ដល់អ៊ុយក្រែន។ ក្នុងនោះរួមមានទាំង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហៅថា HIMARS ចំនួន៤គ្រឿង។ បើតាមយោធាអាមេរិក រ៉ុក្កែតដែលបាញ់ចេញពីប្រព័ន្ធ HIMARS នេះ អាចធ្វើដំណើរបានចម្ងាយចន្លោះ៧០-៨០គីឡូម៉ែត្រ គឺ៣ដងឆ្ងាយជាង ប្រព័ន្ធកាំភ្លើងធំ Howitzer ដែលអាមេរិកបានបញ្ជូនឱ្យអ៊ុយក្រែន នាពេលកន្លងមក៕