Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំនួនមនុស្សស្លាប់កើនដល់ ១២៦នាក់ ដោយសារបាតុភូតធ្លាក់ភ្លៀងធ្ងន់ធ្ងរ នៅប្រេស៉ីល (Video inside)

03-06-2022 14:49

(ប្រាស៉ីលីយ៉ា)៖ អាជ្ញាធរក្នុងតំបន់នៅប្រទេសប្រេស៉ីល បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់ ១២៦នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយបាតុភូតភ្លៀងធ្លាក់ខ្លាំង នៅឯភាគឦសានប្រេស៉ីល តាំងតែពីថ្ងៃទី២៥ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២២។

មកទល់ពេលឥឡូវ មនុស្ស២នាក់ នៅកំពុងបន្តបាត់ខ្លួន ដោយតែគ្រោះធម្មជាតិទាំងនោះ នៅក្នុងរដ្ឋ ផឺណាំប៊ូកូ (Pernambuco) ខណៈកិច្ចប្រឹងប្រែងស្វែងរកនិងជួយសង្រ្គោះ កំពុងឈានដល់ដំណាក់កាលចុងក្រោយ ហើយពួកគេកំពុងខិតខំឱ្យពីលទ្ធភាព ដើម្បីតាមរកអ្នកដែលបាត់ខ្លួន។

ក្រៅពីអ្នកស្លាប់និងបាត់ខ្លួន មនុស្សយ៉ាងតិច ៩,៣០២នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានពួកគេ។ អ្នកទាំងនោះកំពុងស្នាក់នៅ នៅតាមមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្នសរុប ១១១កន្លែង ស្ថិតនៅទីក្រុងចំនួន២៧។ បន្ថែមពីនេះ ទីក្រុងចំនួន២១ បានប្រកាសភាពអាសន្ន ខណៈទីក្រុងសរុបចំនួន៥១ នៅទូទាំងរដ្ឋ Pernambuco បានទទួលរងការខូចខាត។

គួរបញ្ជាក់ថា បាតុភូតភ្លៀងធ្លាក់ខ្លាំង ដែលបានបន្តមកតាំងតែពីសប្តាហ៍មុន នៅរដ្ឋ Pernambuco បានបង្កឱ្យមានគ្រោះរអិលបាក់ដី និងការជន់លិច នៅតាមផ្នែកជាច្រើន នៃរដ្ឋភាគឦសានមួយនេះ របស់ប្រទេសប្រេស៉ីល៕