(សេអ៊ូល)៖ ក្រុមមន្រ្តីមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល នាថ្ងៃសុក្រនេះ សម្រាប់កិច្ចពិភាក្សាស្ដីពីកូរ៉េខាងជើង ចំពេលមានសញ្ញាថា ប្រទេសឯកោមួយនេះ កំពុងរៀបចំសាកល្បងនុយក្លេអ៊ែរ ជាលើកដំបូងរបស់ខ្លួន គិតចាប់តាំងពីឆ្នាំ២០១៧មក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។
ប្រសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) បានជួបជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន គឺលោក គីម ហ្គុន (Kim Gunn) និងលោក ហ៊្វូណាកូស៉ី តាកេហ៉ីរ៉ូ (Funakoshi Takehiro) បន្ទាប់ពីមានការវាយតម្លៃដោយ សហរដ្ឋអាមេរិកថា កូរ៉េខាងជើងកំពុងរៀបចំទីតាំងសាកល្បងនុយក្លេអ៊ែរពុងហ្គីរី (Punggye-ri) ត្រៀមសម្រាប់ការសាកល្បង នុយក្លេអ៊ែរលើកទី៧ របស់ខ្លួន។
លោក Kim បាននិយាយនៅដើមដំបូងនៃកិច្ចប្រជុំ ថា «យើងកំពុងត្រៀមលក្ខណៈ គ្រប់កាលៈទេសៈទុកជាមុនទាំងអស់ ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង»។ លោក Kim ថា «យើងចង់បញ្ជាក់ឱ្យច្បាស់ ដល់កូរ៉េខាងជើងថា សកម្មភាពខុសច្បាប់ និងអស្ថិរភាពរបស់ខ្លួន នឹងបង្កឱ្យមានផលវិបាក ហើយសហគមន៍អន្តរជាតិ នឹងមិនទទួលយកសកម្មភាពទាំងនេះ ជារឿងធម្មតានោះទេ»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើង បានសាកល្បងមីស៉ីលផ្លោងជាច្រើនគ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏ធំបំផុតរបស់ខ្លួនផងដែរ ដោយបានបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN)។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានព្យាយាមស្នើ ឱ្យមានការដាក់ទណ្ឌកម្មបន្ថែមរបស់ UN លើកូរ៉េខាងជើង ចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួន ប៉ុន្តែចិននិងរុស្ស៉ីបានបោះឆ្នោតវេតូប្រឆាំងនឹងសំណើនេះ៕