(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា កងនាវារុស្ស៉ីប្រចាំតំបន់ប៉ាស៉ីហ្វិក បានចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល ១សប្តាហ៍ ដោយមានការចូលរួមពីនាវាជាង ៤០គ្រឿង និងយន្តហោះជាង ២០គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សមយុទ្ធដែលធ្វើឡើងចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១០ ខែមិថុនាខាងមុខនេះ នឹងរួមមាននូវលំហាត់សហការគ្នា រវាងក្រុមនាវានិងក្រុមយន្តហោះរបស់កងទ័ពជើងទឹក ស្តីពីបើកប្រតិបត្តិការស្វែងរក នាវាមុជទឹករបស់សត្រូវ ក្នុងចំណោមលំហាត់ជាច្រើនផ្សេងទៀត»។
គួរបញ្ជាក់ថា សមយុទ្ធខាងលើ ធ្វើឡើងស្របពេលដែល ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានអូសបន្លាយរយៈពេលជាង ៣ខែមកហើយ ខណៈទីក្រុងមូស្គូហៅវាថាជា «ប្រតិបត្តិការយោធាពិសេស»៕