(អូតាវ៉ា)៖ យោធារបស់ប្រទេសកាណាដា បានចោទប្រកាន់យន្តហោះចម្បាំងចិនថា បានរំខានដល់ប្រតិបត្តិការយន្តហោះល្បាតរបស់ខ្លួន ខណៈដែលពួកគេកំពុងឃ្លាំមើលការគេចវេសរបស់កូរ៉េខាងជើង ពីការដាក់ទណ្ឌកម្ម ហើយពេលខ្លះសកម្មភាពនោះ បានបង្ខំឲ្យយន្តហោះរបស់កាណាដា ត្រូវបង្វែរផ្លូវហោះហើរថែមទៀតផង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះ យោធាកាណាដាបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២៦ ខែឧសភា យន្តហោះល្បាតរបស់កងទ័ពអាកាសចិន (PLAAF) បានហោះមកជិតយន្តហោះល្បាតចម្ងាយឆ្ងាយ CP-140 Aurora របស់កងទ័ពអាកាសកាណាដា។ កំលុងពេលហោះហើរទាំងនោះ យន្តហោះចិន មិនបានគោរពតាមបទដ្ឋានសុវត្ថិភាពដែនអាកាសអន្តរជាតិទេ ហើយបានបង្កហានិភ័យដល់ កងទ័ពអាកាសរបស់កាណាដា។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ក្នុងករណីខ្លះ ក្រុមពីឡុតរបស់កាណាដា មានអារម្មណ៍ថា ស្ថិតក្នុងហានិភ័យខ្ពស់ ដូច្នេះពួកគេត្រូវផ្លាស់ប្តូរគន្លងហោះហើរយ៉ាងលឿន ដើម្បីចៀសវាងការប៉ះទង្គិច ដែលអាចកើតមានជាមួយយន្តហោះរបស់ចិន។ ដោយឡែកទីក្រុងប៉េកាំង មិនទាន់ធ្វើការឆ្លើយតបចំពោះការចោទប្រកាន់នេះ នៅឡើយទេ។
គួរបញ្ជាក់ថា ការហោះហើរនៃយន្តហោះកាណាដា គឺជាផ្នែកមួយនៃ «ប្រតិបត្តិការ NEON» របស់ទីក្រុងអូតាវ៉ា សម្រាប់គំនិតផ្តួចផ្តើមពហុជាតិមួយ ដើម្បីអនុវត្តទណ្ឌកម្មដែនសមុទ្រលើកូរ៉េខាងជើង។ ប្រតិបត្តិការនេះ រួមមាននូវការចល័តនាវាយោធា និងយន្តហោះ ដើម្បីល្បាតមើល ការគេចវេះពីទណ្ឌកម្មនៅតាមសមុទ្រ ដូចជាសកម្មភាពផ្ទេរឥន្ធនៈ និងសម្ភារៈផ្សេងៗទៀត ពីកប៉ាល់ទៅកប៉ាល់ ដែលត្រូវបានហាមឃាត់ ក្រោមទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ៕