(ប្រាទីស្លាវ៉ា)៖ ក្រសួងការពារជាតិស្លូវ៉ាគី នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ប្រទេសស្លូវ៉ាគីនឹងប្រគល់ កាំភ្លើងធំ Howitzer ប្រភេទ ហ៊្សូហ្សាណា-ធូ (Zuzana-2) ចំនួន៨គ្រឿង ឱ្យទៅប្រទេសអ៊ុយក្រែន នៅក្រោមកិច្ចសន្យាពាណិជ្ជកម្មមួយ ដែលត្រូវបានចុះហត្ថលេខា ដោយក្រុមហ៊ុនរដ្ឋរបស់ស្លូវ៉ាគី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។
ប្រព័ន្ធកាំភ្លើងធំ Zuzana 2 ប្រើប្រាស់ពពួកគ្រាប់រំសេវទំហំ ១៥៥មីលីម៉ែត្រ ហើយមានសមត្ថភាពវាយប្រហារដោយប្រសិទ្ធភាព នៅ ចន្លោះរយៈចម្ងាយ៤០គីឡូម៉ែត្រ-ជាង៥០គីឡូម៉ែត្រ ដោយអាស្រ័យលើប្រភេទគ្រាប់។ កាលពីដើមសប្តាហ៍នេះ ប៉ូឡូញក៏ត្រូវគេរាយការណ៍ថា បានផ្តល់ប្រព័ន្ធកាំភ្លើងធំ Howitzer ចំនួន១៨គ្រឿង ឱ្យទៅអ៊ុយក្រែនផងដែរ ខណៈអ៊ុយក្រែនកំពុងតែព្យាយាមទប់ទល់ ការវាយប្រហារយ៉ាងចាស់ដៃរបស់រុស្ស៉ី នៅភាគខាងកើតប្រទេស។
គួរបញ្ជាក់ថា កន្លងមកនេះ ស្លូវ៉ាគីបានបរិច្ចាគ ប្រព័ន្ធមីស៉ីលការពារដែនអាកាស S-300 តែមួយគត់របស់ខ្លួន ឱ្យទៅអ៊ុយក្រែន ព្រមទាំងគ្រាប់រំសេវជាច្រើន ហើយក៏បានជួយអ៊ុយក្រែន ជួសជុលបរិក្ខារយោធាធុនធ្ងន់ផងដែរ។ ជាថ្នូរនឹងការប្រគល់ប្រព័ន្ធ S-300 ស្លូវ៉ាគី ទទួលបានប្រព័ន្ធមីស៉ីល ផេទ្រាត (Patriot) ចំនួន៤គ្រឿង ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងហូឡង់៕