(កូប៉ិនហាក)៖ ប្រទេសដាណឺម៉ាក នឹងចូលរួមក្នុងគោលនយោបាយការពារជាតិរបស់សហភាពអឺរ៉ុប (EU) ក្រោយពីលទ្ធផលនៃការធ្វើប្រជាមតិមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញការគាំទ្រឱ្យធ្វើយ៉ាងដូច្នោះ ហើយវាគឺជាសញ្ញាផ្លាស់ប្តូរដ៏ធំមួយសម្រាប់ដាណឺម៉ាក ក្នុងការបង្កើនទំនាក់ទំនងការពារជាតិឱ្យកាន់តែស៊ីជម្រៅជាមួយ EU ដើម្បីឆ្លើយតបនឹងការវាយប្រហារបស់រុស្ស៉ី លើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។
លទ្ធផលចុងក្រោយនៃការធ្វើប្រជាមតិ បានបង្ហាញថា សំឡេងស្ទើរតែ៦៧ភាគរយ គឺគាំទ្រឲ្យដាណឺម៉ាក បោះបង់ចោលវិញនូវជំហរមិនចូលរួម ក្នុងគោលនយោបាយសន្តិសុខ និងការពារជាតិរួមរបស់សហភាពអឺរ៉ុប ហៅកាត់ថា CSDP។ វាក៏ជាកំណត់ត្រាដ៏ធំបំផុតផងដែរ នៃការបង្ហាញសំឡេងគាំទ្រក្នុងការធ្វើប្រជាមតិ លើបញ្ហារបស់សហភាពអឺរ៉ុប នៅប្រទេសដាណឺម៉ាក បើទោះជាក្រុមអ្នកប្រឆាំងបានជំទាស់ថា គោលនយោបាយនេះ គឺមានការរឹតត្បិត ហើយនឹងធ្វើឲ្យវិស័យយោធាដាណឺម៉ាកបាត់បង់តម្លៃក៏ដោយ។
ក្រោយការធ្វើប្រជាមតិបិទបញ្ចប់ នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី ម៉េតេ ហ្រ្វេដឺរិកសិន (Mette Frederiksen) បាននិយាយយ៉ាងដូច្នេះថា «យើងបានបញ្ជូនសញ្ញាមួយ ទៅកាន់សម្ព័ន្ធមិត្តរបស់យើងនៅក្នុងអង្គការណាតូ និងនៅអឺរ៉ុប ហើយយើងក៏បានបញ្ជូនសញ្ញាច្បាស់លាស់មួយរបស់យើង ទៅកាន់លោក ពូទីន ផងដែរ»។ លោកស្រីបានបន្ថែមថា «នៅពេលដែលរុស្ស៉ីបើកការឈ្លានពានលើប្រទេសសេរី និងឯករាជ្យ ឬ នៅពេលដែលរុស្ស៉ីគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាព, កិច្ចសហប្រតិបត្តិការរបស់ពួកយើង គឺកាន់តែជិតស្និទ្ធថែមទៀត»។
គួរបញ្ជាក់ថា ដាណឺម៉ាកគឺជាប្រទេសសមាជិកសហភាពអឺរ៉ុបតែមួយគត់ ដែលមិនចូលរួមក្នុងគោលនយោបាយការពារ និងសន្តិសុខរបស់ប្លុកនេះ។ តាមរយៈ CSDP ដាណឺម៉ាក នឹងអាចចូលរួមក្នុងប្រតិបត្តិការយោធារួមរបស់ EU នៅប្រទេសផ្សេងៗ ហើយអាចធ្វើសហប្រតិបត្តិការ ក្នុងការទិញបរិក្ខារយោធានិងសព្វាវុធរួមគ្នាផងដែរ៕