(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណាហ្វតាលី បេនណេត (Naftali Bennett) នៅថ្ងៃពុធនេះ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសស៊េរីថ្មីប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែរ ដែលអ៉ីស្រាអែលគ្រោងនឹងដាក់ពង្រាយនៅឆ្នាំក្រោយ ដើម្បីបាញ់ទម្លាក់ គ្រាប់រ៉ុក្កែតក៏ដូចជាដ្រូនរបស់សត្រូវ នឹងត្រូវចំណាយត្រឹមតែ២ដុល្លារប៉ុណ្ណោះ ក្នុងការបាញ់ស្ទាក់មួយលើកៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។
បច្ចុប្បន្ន អ៉ីស្រាអែលពឹងផ្អែកលើប្រព័ន្ធមីស៉ីល ដើម្បីបាញ់ស្ទាក់គោលដៅតាមផ្លូវអាកាសទាំងនោះ ដែលវាត្រូវចំណាយថវិកាចន្លោះ រាប់ម៉ឺន ដល់រាប់លានដុល្លារ ក្នុងការបាញ់មួយលើកៗ។ យ៉ាងណាមិញ ប្រព័ន្ធការពារដែនអាកាសស៊េរីខាងលើ មានឈ្មោះថា អាយរ៉ុន ប៊ីម (Iron Beam) ដែលប្រព័ន្ធគំរូមួយដំបូង ត្រូវបានបង្ហាញជាសាធារណៈ កាលពីឆ្នាំមុន ប្រើប្រាស់បច្ចេកវិទ្យាកាំរស្មីឡាស៊ែរ។
លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានថ្លែងយ៉ាងដូច្នេះថា «កន្លងមក គឺយើងត្រូវចំណាយលុយអស់ជាច្រើន ដើម្បីបាញ់ស្ទាក់រ៉ុក្កែតមួយគ្រាប់ៗ។ សម្រាប់ឥឡូវនេះវិញ ពួកគេដែលជាសត្រូវ អាចចំណាយលុយរាប់ម៉ឺនដុល្លារ ទៅលើរ៉ុក្កែតមួយគ្រាប់ ប៉ុន្តែយើងនឹងចំណាយត្រឹមតែ២ដុល្លារប៉ុណ្ណោះ លើថ្លៃអគ្គិសនី សម្រាប់ការបាញ់ស្ទាក់គ្រាប់រ៉ុក្កែតមួយគ្រាប់នោះ»។ បើតាមការព្យាកររបស់លោក Bennett ប្រព័ន្ធ Iron Beam អាចនឹងត្រូវដាក់ឱ្យដំណើរការបាន នៅខ្ទង់ដើមឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្នុងការប្រយុទ្ធគ្នាកាលពីមុន កងកម្លាំងប៉ាឡេស្ទីននិងលីបង់ បានបាញ់រ៉ុក្កែតនិងគ្រាប់បែកផ្លោងរាប់ពាន់គ្រាប់ មកលើអ៉ីស្រាអែល ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ អ៉ីស្រាអែលក៏បានបាញ់ស្ទាក់ដ្រូន ដែលខ្លួនសង្ស័យថា ជារបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្បែរព្រំប្រទល់ផងដែរ៕