(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះ បានសម្តែងការសោកស្តាយ ដែលមិនទទួលបានទិន្នន័យអំពីការរាលដាល នៃជំងឺកូវីដ ១៩ ក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែបានសន្មត់ថាវិបត្តិនៃជំងឺនេះកាន់តែធ្ងន់ធ្ងរទៅៗ ផ្ទុយពីរបាយការណ៍របស់ទីក្រុងព្យុងយ៉ាង ដែលបានលើកឡើងអំពីភាពរីកចម្រើនជាវិជ្ជមាន ក្នុងការឆ្លើយតបចំពោះជំងឺរាតត្បាតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។
កូរ៉េខាងជើង បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួនបានដកចេញវិធានការបិទខ្ទប់ ដោយមើលឃើញថាស្ថានការណ៍ការរាតត្បាតនៃជំងឺកូវីដ ១៩ ក្នុងប្រទេស គឺអាចគ្រប់គ្រប់បាន រីឯករណីឆ្លងមានការថយចុះ។ ជុំវិញរបាយការណ៍នេះ ប្រធានក្រុមឆ្លើយតបបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោក មីកឆែល រ៉ាយអិន (Michael Ryan) បានលើកឡើងដូច្នេះថា «កូរ៉េខាងជើង បានផ្តល់ព័ត៌មានតិចតួចប៉ុណ្ណោះសម្រាប់ករណីដែល បានកើតឡើងក្នុងប្រទេស ហើយយើងសន្មត់ថាស្ថានភាពកាន់តែអាក្រក់ទៅៗ និងមិនប្រសើរនោះទេ»។
លោក រ៉ាយអិន បានបន្ថែមថា «ឥលូវយើងមិនអាចវាយតម្លៃជាក់លាក់អំពីហានិភ័យ នៃស្ថានភាពឆ្លងក្នុងប្រទេសកូរ៉េខាងជើងបានទេ, វាមានការលំបាកខ្លាំងណាស់ដើម្បីបញ្ជាក់ដល់ពិភពលោកនូវតួលេខត្រឹមត្រូវ ស្របពេលដែលយើងមិនមានលទ្ធភាពទទួលបានទិន្នន័យជាក់លាក់»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា ករណីផ្ទុកមេរោគបានធ្លាក់ចុះក្នុងរយៈពេល ៧ថ្ងៃជាប់គ្នា ដោយមានករណី «គ្រុនក្តៅ» ថ្មីជាង ១០០,០០០នាក់ ក្នុងរយៈពេល២៤ម៉ោង ហើយតួលេខនេះគឺធ្លាក់ចុះពីចំនួន ៣៩០,០០០ នាក់ ប្រចាំថ្ងៃ កាលពីដើមខែឧសភា។ លោកស្រី ម៉ារៀ វ៉ាន ឃឺខូវ (Maria Van Kerkhove) ដែលជាអ្នកដឹកនាំរបស់ WHO លើបញ្ហាជំងឺកូវីដ ១៩ បាននិយាយថា កូរ៉េខាងជើងបានផ្តល់របាយការណ៍ពីករណីសង្ស័យពីមេរោគកូវីដ ១៩ ប្រហែល ៣.៧លាននាក់ ប៉ុន្តែរបាយការណ៍ដែល បានចេញផ្សាយ គឺថាជាករណីនៃជំងឺគ្រុនក្តៅប៉ុណ្ណោះ៕