(អូក្លាហូម៉ា)៖ មន្រ្តីប៉ូលិសប្រចាំតំបន់ បានរាយការណ៍ឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្សចំនួន ៤នាក់នៅខាងក្នុងអគារមន្ទីរពេទ្យ មួយកន្លែងស្ថិតនៅក្នុងទីក្រុងធូលសា (Tulsa) នៃរដ្ឋអូក្លាហូម៉ា (Oklahoma) សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍នេះ មុនពេលបាញ់សម្លាប់ខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។
មន្រ្តីប៉ូលិស បានមកដល់មន្ទីរពេទ្យ សំាង ហ្វ្រង់ស៊ីស (St. Francis) រយៈពេល ៣នាទី បន្ទាប់ពីទទួលបានការហៅទូរស័ព្ទអំពីការបាញ់ប្រហារ ហើយបានតាមរកសំឡេងកាំភ្លើងរហូតដល់ជាន់ទី២ នៃអគារ ណាតាលី (Natalie)។ មន្រ្តីប៉ូលិសក៏បានប្រទះជនរងគ្រោះ និងជនសង្ស័យ រយៈពេល ៥នាទីក្រោយមក។
គួរបញ្ជាក់ថា ការបាញ់ប្រហារកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅក្នុងទីក្រុង Tulsa គឺជាករណីចុងក្រោយបង្អស់នៃការបាញ់ប្រហារទ្រង់ទ្រាយធំ ដែលបានធ្វើឱ្យប្រជាជនអាមេរិកភ្ញាក់ផ្អើល និងបានបន្តធ្វើឱ្យមានការពិភាក្សាវែកញែកអំពីការគ្រប់គ្រងកាំភ្លើង។ មន្រ្តីប៉ូលិសបាននិយាយថា ពួកគេកំពុងព្យាយាមកំណត់អត្តសញ្ញាណរបស់ជនសង្ស័យ ហើយបានប៉ាន់ស្មានថា គាត់ប្រហែលមានអាយុចន្លោះពី ៣៥ទៅ ៤០ឆ្នាំ តែមិនទាន់ បញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារនេះទេ៕