(ប៉េកាំង)៖ បច្ចុប្បន្ន សង្គ្រាម ជម្លោះ និងភាពចលាចលក្នុងបណ្តាប្រទេសមួយចំនួន គឺជាអ្នកបង្កើតបញ្ហាជនភៀសខ្លួននេះឡើង ហើយដំណោះស្រាយរបស់វាគឺស្ថិតនៅលើការបង្កើតឲ្យមានសន្តិភាព ការលើកកម្ពស់ការផ្សះផ្សាគ្នា និងការស្ដារស្ថិរភាពឡើងវិញ។ បញ្ហាទាំងនេះជាច្រើនដែលធ្វើឲ្យពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន បានក្លាយជាកង្វល់របស់សកលលោក។ មនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅ ហើយកុមារតូចៗមួយចំនួនបានបាត់បង់ជីវិត និងបាត់បង់ឱកាសធំធាត់និងការសិក្សា។ នេះពិតជារឿងដែលគួរឲ្យសោកស្តាយណាស់។ ផ្ទុយពីស្ថានភាពដ៏អាក្រក់នេះ ប្រជាជនចិន ដែលជាពិសេសកុមារដែលកំពុងធំធាត់នៅក្នុងប្រទេសចិន កំពុងទទួលរស់នៅក្រោមទម្រ នៃសង្គមនិយមតាមបែបផែនចិន ដែលបានផ្តល់នូវម្លប់សន្តិភាព សន្តិសុខ ស្ថិរភាពសង្គម សុខដុមនីយកម្ម និងការអភិវឌ្ឍ ហើយនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសខួប៤០ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលកុមារចិន លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះកុមារនិងក្មេងជំទង់ទូទាំងប្រទេសចិន ដែលកំពុងទទួលបានការវិវឌ្ឍរីកចម្រើនក្នុងការសិក្សា មានក្តីសប្បាយក្នុងការរស់នៅ និងធំធាត់ឡើងដោយសុខភាពរឹងមាំ។
ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសកល ចិនបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ និងបើកទូលាយ អស់រយៈពេលជាង៤០ឆ្នាំ ដោយបានស្វែងរកផ្លូវអភិវឌ្ឍន៍ និងជួយដល់ពិភពលោកក្នុងការលុបបំបាត់ភាពក្រីក្រ នៅក្នុងប្រទេសចិនប្រកបដោយលក្ខណៈពិសេស ដោយជោគជ័យ ហើយនៅខែកុម្ភៈ ឆ្នាំ២០២១ ចិនបានប្រកាសជាផ្លូវការថា ចិនបានដោះសោរលេខកូដសម្ងាត់នៃភាពក្រីក្រ ដោយបាននាំប្រជាជាតិចិនមកកាន់ មហាវិថីល្បឿនលឿននៃវិបុលភាព និងសុខដុមនីយកម្មតាមសង្គមនិយមបែបផែនចិន។ ក្នុងន័យនេះ ទើបជាង១ទសវត្សរ៍ចុងក្រោយនេះ ពិភពលោកបានបន្តឈ្វេងយល់កាន់តែស៊ីជម្រៅ និងប្រាកដជាងមុនពីបែបផែនចិន ជាពិសេសគឺសង្គមនិយមតាមបែបផែនចិន។ ច្បាស់ណាស់ដែលថា គ្មានប្រព័ន្ធនយោបាយណាលើផែនដីដែលមានលក្ខណៈដូចគ្នាបេះបិទ ហើយគ្មានគំរូណាដែលអាចត្រូវនឹង ប្រព័ន្ធនយោបាយគ្រប់ប្រទេសនោះឡើយ។ ប្រជាជនចិនទទួលស្គាល់ថាវាជាលក្ខណៈធម្មជាតិ ដែលរបស់នីមួយៗមានលក្ខណៈខុសៗគ្នា។ ប្រទេសទាំងអស់មានភាពខុសប្លែក ទៅតាមស្ថានការណ៍ជាក់ស្តែងរបស់ខ្លួន។ ប្រទេសនីមួយៗសុទ្ធតែមានលក្ខណៈពិសេស នៅក្នុងប្រព័ន្ធនយោបាយរៀងៗខ្លួន ហើយវាត្រូវបានកំណត់ដោយប្រជាជនរបស់ខ្លួន និងត្រូវបានបង្កើតឡើង ព្រមទាំងកែលម្អជាបន្តបន្ទាប់ អស់រយៈពេលយូរដោយឈរលើ មូលដ្ឋាននៃបេតិកភណ្ឌប្រវត្តិសាស្ត្រ ប្រពៃណីវប្បធម៌នានា និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរៀងៗខ្លួន។
ដោយឡែក ភាពរឹងមាំនៃប្រព័ន្ធនយោបាយសង្គមនិយមចិន ដែលមានលក្ខណៈពិសេសចិនមានដំណើរការ ពោរពេញទៅដោយថាមពល ភាពរឹងមាំ និងប្រសិទ្ធភាពតាំងពីឆ្នាំ១៩៤៩រៀងរហូតមក។ បច្ចុប្បន្ន វាបាននិងកំពុងធ្វើឱ្យប្រទេសចិនមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយវាកំពុងបន្តលូតលាស់ ហើយចាក់ឫសយ៉ាងជ្រៅទៅក្នុងចរន្តនៃអភិវឌ្ឍសកល។ ចិនក៏ដូចជាពិភពលោកទាំងមូល កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពីការឃ្លាតឆ្ងាយកាន់តែខ្លាំង ពីសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ជាពិសេសគម្លាតរវាងអ្នកមាននិងអ្នកក្រ និង គម្លាតតែរីកធំឡើងរវាងក្រុមប្រទេសសេដ្ឋកិច្ចរីកលូតលាស់ និងក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ ហេតុនេះភារកិច្ចសំខាន់បំផុតនៅចំពោះមុខ គឺពិភពលោកទាំងមូលត្រូវចូលរួមជាមួយគ្នា ក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍសកលរបស់ចិនការដឹកនាំពិភពលោកឲ្យចេញផុតពីការលំបាក ហើយស្ទើរគ្រប់វេទិកាអន្តរជាតិ និងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសនានា លោក Xi Jinping ប្រធានរដ្ឋចិនតែងបានលើកជាប្រចាំថា «ខិតខំធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ កម្លាំងនៃភាពឈានទៅមុនកាន់តែប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ» ដែលនេះជាធានាបាននូវការអភិវឌ្ឍ ធានាបាននូវសន្តិសុខស្បៀង និងចូលរួមថែរក្សាពិភពលោក តាមគោលគំនិតអរិយធម៌អេកូឡូស៊ី។ ចិនតែងប្តេជ្ញាចិត្តក្នុងការបង្កើនសេដ្ឋកិច្ចបើកចំហជាសកល ចែករំលែកកាលានុវត្តភាព និងផលប្រយោជន៍តាមរយៈការបើកចំហ និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។
គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម រវាងចិននិងបណ្តាប្រទេសនីមួយៗ គំនិតផ្តួចផ្តើម RCEP ជាកិច្ចបង្កើនការខិតខំប្រឹងប្រែងទ្វេដង ដើម្បីអភិវឌ្ឍទំនាក់ទំនងគ្នា និងការផ្លាស់ប្តូរគ្នាជាសកល ដើម្បីអនុញ្ញាតឲ្យប្រទេសទាំងអស់ អាចសម្រេចបាននូវកំណើនក្នុងស្រុកដ៏រឹងមាំ និងមានវិបុលភាពរួម។ ចិនតែងបានរក្សាការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍពាណិជ្ជកម្មសេរី និងការវិនិយោគសេរីជាសកល លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាភាពបន្ស៊ីគ្នា តាមរយៈការបើកចំហសេដ្ឋកិច្ច ហើយប្រឆាំងយ៉ាងពេញទំហឹងទៅលើគោលនយោបាយគាំពារនិយម។ សហគមន៍អន្តរជាតិមានទស្សនៈស្របនឹងចិនថា ការប្រើប្រាស់គោលនយោបាយគាំពារនិយម ប្រៀបដូចជាការចាក់សោរខ្លួនឯង នៅក្នុងបន្ទប់ងងឹតមួយអ៊ីចឹង ពិតមែនតែអាចជៀសវាងព្យុះភ្លៀងដែលបោកបក់នៅខាងក្រៅបាន ប៉ុន្តែនៅក្នុងបន្ទប់ងងឹតក៏គ្មានពន្លឺ និងខ្យល់ដកដង្ហើមបានដែរ។
ដើម្បីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ចិនគាំទ្រថាសម្តីគួរតែស្របនឹងទង្វើ។ ចិនបានលើកទឹកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាត្រូវតែអនុវត្តសកម្មភាពជាក់ស្តែង។ និយាយម៉ាត់ណាម៉ាត់ហ្នឹង គឺជាឥរិយាបថការងាររបស់ជនជាតិចិន ការផ្តល់ជំនួយក្នុងគ្រាលំបាកជាកាយវិការដែលជនជាតិចិនធ្វើចំពោះមិត្តភក្តិ ប្រកាន់ខ្ជាប់នូវសច្ចយុត្តិធម៌ជាគំនិតណែនាំប្រតិបត្តិការរបស់ជនជាតិចិន។ ចិនតែងរីករាយបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យវិវឌ្ឍរីកចម្រើន ដោយស្ថិរភាពនិងយូរអង្វែង រហូតដល់ទទួលបានលទ្ធផលជាផ្លែផ្កា។ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅប្រទេសហ្វ៊ីជីថា «ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ហើយក៏ជាប្រទេសធំដែលមានទំនួលខុសត្រូវផងដែរ។ យើងមិនត្រឹមតែជួយនិងគាំទ្រប្រទេសកោះប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងក៏ជួយនិងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍នៃទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនផងដែរ។ យើងមិនត្រឹមតែធ្វើបែបនេះក្នុងពេលបច្ចុប្បន្ននោះទេ កាលពីមុនក៏ធ្វើអ៊ីចឹងដែរ។
ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ប្រទេសចិនបានត្បិតត្បៀតការចំណាយរបស់ខ្លួន ដើម្បីយកថវិកាទៅជួយសាងសង់ផ្លូវដែកជូនបងប្អូនអាហ្វ្រិក។ នេះគឺព្រោះប្រទេសចិនឈរនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ឈរនៅជាមួយប្រទេសមតូចនិងមធ្យមជានិច្ច។ ប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍សម្រេចវឌ្ឍនភាពនិងវិបុលភាពរួមនឹងធ្វើឱ្យពិភពលោកកាន់តែមានសមភាព កាន់តែចុះសម្រុងគ្នានិងកាន់តែមានស្ថិរភាព»។ ចិនបានយល់ច្បាស់ថា មិនថាអ្នកចូលចិត្តវា ឬក៏អត់នោះទេ ការចូលរួមនៅក្នុងចរន្តនៃអភិវឌ្ឍសកល គឺប្រៀបដូចជាមហាសមុទ្រដ៏ធំល្វឹងល្វើយ ដែលគ្មានប្រទេសណាបដិសេធមិនចូលរួមនោះទេ។ រាល់ការប៉ុនប៉ងក្នុងការកាត់ផ្តាច់វឌ្ឍនភាពនិងវិបុលភាពរបស់មនុស្សជាតិ ប្រៀបដូចជានាំយកទឹកពីមហាសមុទ្រឱ្យវិលត្រឡប់ទៅកាន់បឹងបួរ និងទន្លេតូចៗវិញ ដែលនេះជាទង្វើមិនអាចទៅរួចឡើយ។
ប្រវត្តិសាស្រ្តនៃមនុស្សជាតិប្រាប់យើងថា បញ្ហាមិនគួរឲ្យខ្លាចនោះទេ។ អ្វីដែលធ្វើឲ្យយើងព្រួយបារម្ភ គឺការបដិសេធមិនប្រឈមមុខតទល់នឹងបញ្ហា ហើយបន្តបង្កើនពង្រីកបញ្ហា។ ដោយប្រឈមនឹងកាលានុវត្តភាពនិងបញ្ហាប្រឈមនៃសន្តិសុខសកល កិច្ចការដែលយើងត្រូវធ្វើ គឺការឆក់យកនូវរាល់កាលានុវត្តភាពដែលមាន រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ហើយកំណត់ទិសដៅដ៏ត្រឹមត្រូវសម្រាប់ការអភិវឌ្ឍសកល។ លោក ហិនរី ឌូណាន់ (Henry Dunant) ដែលជាស្ថាបនិកក្រុមកាកបាទក្រហមអន្តរជាតិបានលើកឡើងថា «សត្រូវពិតប្រាកដរបស់យើង មិនមែនជាក្រុមប្រទេសជិតខាងនោះទេ។ ភាពស្រេកឃ្លាន ភាពក្រីក្រ ភាពល្ងង់ខ្លៅ ជំហរបែបឆ្វេងនិយម និងការរើសអើងគ្នាទៅវិញទេដែលជាសត្រូវពិតប្រាកដរបស់យើង»។ ចិនបានយល់ច្បាស់លើបញ្ហាទាំងនេះ ហើយតែងរួមគ្នាជាមួយពិភពលោកក្នុងការដោះស្រាយបញ្ហាទាំងនេះ។ សំខាន់ជាងនេះទៀត ចិនតែងមានភាពក្លាហានក្នុងការចាត់វិធានការដោះស្រាយបញ្ហាទាំងនោះ។
ដើម្បីសុខុមាលភាពសកល ចិនបានខិតខំក្នុងការគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺឆ្លងមុនគេបង្អស់ បានស្តារផលិតកម្មឡើងវិញមុនគេបង្អស់ ដែលប្រការនេះក៏បានបំពេញបន្ថែម ប្រកបដោយប្រសិទ្ធភាពនូវកង្វះខាត រវាងការផ្គត់ផ្គង់និងតម្រូវការជាសកល ព្រមទាំងបានលំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលផងដែរ។ យុទ្ធសាស្រ្តស្តីពីសូន្យកូវីដ គឺសមស្របនឹងសភាពការណ៍ជាតិនៃប្រទេសចិន និងក្រឹត្យក្រមវិទ្យាសាស្រ្ត ដែលទទួលបានប្រសិទ្ធផលលេចធ្លោ។ ហេតុនេះ ប្រសិទ្ធភាពដែលប្រទេសចិនទទួលបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បង្ហាញយ៉ាងពេញលេញពីឧត្តមភាពនិងកម្លាំងដ៏ខ្លាំងក្លា នៃប្រព័ន្ធរបបរបស់ចិនក្នុងការចូលរួមបង្កើនឫទ្ធានុភាព ដល់សុខុមាលភាពសកល។
ជារួម ពិភពលោកបានជឿជាក់ថា សង្គមនិយមតាមបែបផែនចិន គឺជាមហាវិថីល្បឿនលឿនឆ្ពោះទៅរក ការធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជនចិននិយាយដោយឡែក សម្រាប់មនុស្សជាតិទូទៅនិយាយរួម។ វានឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថា ពិភពលោកទាំងមូលបានលើកទឹកចិត្ត និងបង្កើនកិច្ចសហការជាមួយចិនដែលប្រកាន់ខ្ជាប់នូវសង្គមនិយមតាមបែបផែនចិន ដែលជាការធានាយ៉ាងច្បាស់លាស់ ពីការចូលរួមដល់អភិវឌ្ឍសកល។
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន