(តូក្យូ)៖ ការស្ទង់មតិមួយធ្វើឡើងដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថាប្រជាជនជប៉ុន ៩នាក់ ក្នុងចំណោម ១០នាក់ ឬ ៩១ភាគរយ ជឿជាក់ថាជប៉ុនគួរតែត្រៀមខ្លួន សម្រាប់ការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់ ខណៈ៤១ភាគរយ គាំទ្រឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យប្រទេសរបស់ពួកគេអាចធ្វើអន្តរាគមន៍យោធា។
ការស្ទង់មតិខាងលើរបស់សារព័ត៌មានជប៉ុន Nikkei Asia ធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភា និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិននិយាយថាសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។ ការស្ទង់មតិនេះបានឱ្យដឹងដែរថា ប្រជាជនជប៉ុនដែលត្រូវបានសម្ភាសន៍តែ ៤ភាគរយប៉ុណ្ណោះយល់ថាជប៉ុនមិនចាំបាច់ត្រៀមខ្លួនចំពោះវិបត្តិនៅច្រកសមុទ្រតៃវ៉ាន់នោះទេ និង ៦០ភាគរយ យល់ស្របថាជប៉ុនគួរតែរក្សាសមត្ថភាពវាយបក។
គួរបញ្ជាក់ថា ក្រុមមន្ត្រីយោធាអាមេរិកមួយចំនួន ធ្លាប់បានសន្និដ្ឋានថាអាចនឹងប្រើកម្លាំងយោធាលើកោះតៃវ៉ាន់ នៅឆ្នាំ២០២៧ រីឯរដ្ឋាភិបាលជប៉ុន ក៏ធ្លាប់បានលើកឡើងដែរថាវិបត្តិនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ នឹងត្រូវបានចាត់ទុកថាជាការគំរាមកំហែងផ្នែកខាងក្រៅមកលើសន្តិសុខជាតិ ដែលនឹងតម្រូវឱ្យចាត់វិធានការឆ្លើយតប៕