(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់ជំនួយយោធាថ្មី មួយក្នុងទំហំទឹកប្រាក់ ៧០០លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារ លើគោលដៅក្នុងចម្ងាយ៨០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ចូ បៃដិន បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកនឹងឈរជាមួយអ៊ុយក្រែនដៃគូរបស់យើង ហើយនឹង បន្តផ្ដល់ជំនួយអាវុធ និងបរិក្ខារឱ្យអ៊ុយក្រែនដើម្បីការពារខ្លួន»។ លោក បៃដិនបានប្រកាសពីផែនការបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ទាប់ពី អ៊ុយក្រែនបានធានាថាពួកគេនឹងមិនប្រើអាវុធនេះវាយប្រហារលើគោលដៅនៅក្នុងទឹកដីរុស្ស៉ីនោះឡើយ សំដៅបញ្ចៀសកុំឱ្យសង្រ្គាម សព្វថ្ងៃរាលដាលកាន់តែធំ។
គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន ៤គ្រឿង ដំបូងទៅឱ្យអ៊ុយក្រែន ហើយអ៊ុយក្រែននឹងត្រូវចំណាយពេល ៣សប្ដាហ៍ ដើម្បីរៀនពីរបៀបប្រើប្រព័ន្ធមីស៊ីលនេះ៕