(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,០៤៧ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ២៤៥ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Yên Bái មានចំនួន ៦៧ករណី និងខេត្ត Vĩnh Phúc ចំនួន ៦១ករណី។
ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃពុធនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។
គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧២០,៤២៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤៧១,៨៤០នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៩នាក់៕