(មូស្គូ)៖ មន្រ្តីយោធាជាន់ខ្ពស់រុស្ស៉ីនៅថ្ងៃពុធនេះ បានឱ្យដឹងថា រុស្ស៉ីបានបញ្ចប់ជាស្ថាពរ នូវការធ្វើតេស្តមីស៉ីលគ្រូសល្បឿនលឿនជាងសំឡេង ហ្សៀរកុន (Zircon) ហើយគ្រោងនឹងដាក់ពង្រាយវាមុនដំណាច់ឆ្នាំនេះ នៅលើនាវាចម្បាំងថ្មីមួយ នៃកងកម្លាំងនាវាប្រចាំភូមិភាគខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។
លោក អាឡិចសាន់ដឺ ម៉ូយសេយ៉េវ (Alexander Moiseyev) មេបញ្ជាការនៃកងនាវាភូមិភាគខាងជើងរបស់រុស្ស៉ី បាននិយាយថា នាវាចម្បាំង អេដមីរ៉ាល់ ហ្កោឡូវកូ (Admiral Golovko) នឹងក្លាយជានាវាយោធាដំបូងគេ ដែលបំពាក់ដោយមីស៉ីល Zircon គ្រប់ពេលទាំងអស់។
ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានអះអាងថា Zircon គឺជាផ្នែកនៃប្រព័ន្ធសព្វាវុធគ្មានគូប្រៀបជំនាន់ថ្មី របស់ប្រទេសរុស្ស៉ី ដែលអាចធ្វើដំណើរលឿនជាង ល្បឿនសំឡេងដល់ទៅ៩ដង។ បើតាមក្រុមចារកម្មលោកខាងលិច រុស្ស៉ីបានបាត់បង់មេទ័ព កូនទាហាន និងបរិក្ខារយោធាច្រើនសន្ធឹកសន្ធាប់ កំលុងសង្រ្គាមជាង៣ខែមកនេះរបស់ខ្លួន នៅអ៊ុយក្រែន ប៉ុន្តែទោះជាបែបនេះក្តី ទីក្រុងមូស្គូត្រូវគេសង្កេតឃើញថា បានធ្វើតេស្តសម្ញែងមីស៉ីលថ្មីៗ ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសពីជោគជ័យ ក្នុងការធ្វើតេស្តមីស៉ីលគ្រូស Zircon ចេញពីនាវាមួយគ្រឿង នៅតំបន់សមុទ្របារិន (Barents Sea) ឆ្ពោះទៅកាន់គោលដៅមួយ ស្ថិតនៅចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ ក្នុងតំបន់សមុទ្រស៕