(ឡាហាវ៉ាន)៖ ប្រទេសគុយបា នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសដកចេញនូវកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈ ទូទាំងប្រទេស ដែលត្រូវបានដាក់ចេញរយៈពេល២ឆ្នាំមកហើយនោះ ខណៈមន្រ្តីសុខាភិបាលនិយាយថា ភាពជោគជ័យនេះ កើតចេញពីការជំរុញការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធិភាព ដែលធ្វើឲ្យករណីឆ្លងមានការថយចុះខ្លាំង ហើយមិនអ្នកជំងឺសា្លប់ រយៈពេលជិត៣សប្តាហ៍។ នេះបើតាមចេញចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋមន្រ្តីសុខាភិបាលគុយបា លោក ចូសេ អាន់ជេល ផតថាល់ (José Ángel Portal) បាននិយាយថា កម្មវិធីចាក់វ៉ាក់សាំងបង្កាកូវីដ ១៩ យ៉ាងទូលំទូលាយ បានជួយការពារសុខភាព និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ ហើយបានជំរុញឲ្យរដ្ឋាភិបាល សម្រេចលុបចោល វិធានការរឹតត្បិតដើម្បីការពារជំងឺនេះ ប៉ុន្តែក្រុមមន្រ្តីបានបញ្ជាក់ថា ការពាក់ម៉ាសនៅតែ ត្រូវអនុវត្តនៅតាមមន្ទីរពេទ្យ ក៏ដូចជាសម្រាប់អ្នកដែលជំងឺប្រចាំកាយ ឬអ្នកដែលងាយប្រតិកម្មនឹងមេរោគផ្លូវដង្ហើម។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសដីកោះតំបន់ការីបង់មួយនេះ បានផ្តោតលើការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដល់ប្រជាជនដោយឥតគិតថ្លៃ ដែលបានធ្វើឲ្យគុយបា ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានចាក់វ៉ាក់សាំងដល់ កុមារចាប់ពីអាយុ ២ឆ្នាំឡើងទៅ។ រហូតមកទល់ពេលនេះ ៩៤ភាគរយនៃប្រជាជនគុយបា បានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស។ រីឯករណីឆ្លង បានធ្លាក់ចុះរយៈពេល៩សប្តាហ៍ជាប់ៗគ្នា ជាមួយនឹងតួលេខឆ្លងក្រោម១០០នាក់ ចាប់តាំងពីពាក់កណ្តាល ខែឧសភាមក ហើយពេញមួយខែដដែលនោះ មានអ្នកស្លាប់ត្រឹមតែ២នាក់ប៉ុណ្ណោះ៕