(ម៉ិកស៉ីកូស៉ីធី)៖ អាជ្ញាធរម៉ិកស៉ិកបានឱ្យដឹង កាលពីថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សយ៉ាងហោច១០នាក់ បានបាត់បង់ជីវិត និង២០នាក់ បានបាត់ខ្លួន នៅភាគខាងត្បូងប្រទេសម៉ិកស៉ិក ជាទីដែលរងការវាយប្រហារពីព្យុះហឺរីខិនឈ្មោះ អាហ្កាតា (Agatha) ដែលជាព្យុះហឺរីខិនដំបូងបំផុត ប្រចាំឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។
ព្យុះហឺរីខិន Agatha បានបោកបក់មកដល់ ឆ្នេរនៅខាងមហាសមុទ្រប៉ាស៉ីហ្វិក របស់ប្រទេសម៉ិកស៉ិក កាលពីដើមសប្តាហ៍នេះ។ ខណៈដែលវាបន្តធ្វើដំណើរនៅលើផ្ទៃដី ព្យុះហឺរីខិន Agatha បានចុះអន់ថយថាមពល ប៉ុន្តែបានបន្សល់ទុកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង ដែលបង្កជាគ្រោះរអិលបាក់ដី និងទឹកជំនន់។ នៅរដ្ឋ អុកសាខា (Oaxaca) អភិបាលរដ្ឋនោះ បានឱ្យដឹងថា មនុស្សយ៉ាងហោចចំនួន ១០នាក់ បានស្លាប់ និង២០នាក់ កំពុងបាត់ខ្លួន។
ព្យុះហឺរីខិន Agatha បានធ្វើដំណើរមកដល់ភាគខាងត្បូងម៉ិកស៉ិក កាលពីថ្ងៃចន្ទ ចំក្បែរទីក្រុង ផឺតូ អេនជែល (Puerto Angel) នៃរដ្ឋ Oaxaca ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិតលេខ២ ជាមួយកម្លាំងខ្យល់បក់ ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រទេសអាមេរិកខាងជើងមួយនេះ ជារឿយៗទទួលរង ការវាយប្រហារដោយព្យុះត្រូពិច នៅតាមឆ្នេរទាំងសងខាងរបស់ខ្លួន គឺឆ្នេរខាងប៉ាស៉ីហ្វិក និងឆ្នេរនៅខាងអាត្លង់ទិក នៅចន្លោះខែឧសភា-វិច្ឆិកា ជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំមុន ព្យុះហឺរីខិនកម្រិតលេខ៣ ឈ្មោះថា ហ្ក្រេស (Grace) បានផ្តាច់ជីវិតមនុស្សចំនួន ១១នាក់ នៅរដ្ឋ វេរ៉ាគ្រូស (Veracruz) និងរដ្ឋ ផូប្លា (Puebla) នៅភាគខាងត្បូងប្រទេសម៉ិកស៉ិក៕