(តុងហ្កា)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន នៅក្នុងប្រទេសដែនកោះតុងហ្កា (Tonga) ស្តីពីកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធសម្ភារៈប៉ូលិស ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកជលផល កំលុងដំណើរទស្សនកិច្ចទ្រង់ទ្រាយធំរបស់លោក នៅឯតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទីដែលជាមហិច្ឆតារបស់ទីក្រុងប៉េកាំង ក្នុងការពង្រីកទំនាក់ទំនងសន្តិសុខកាន់តែទូលំទូលាយ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។
រដ្ឋាភិបាលតុងហ្កា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំលុងដំណើរទស្សនកិច្ចក្នុងប្រទេសដែនកោះនេះ លោក Wang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ជាមួយនាយករដ្ឋមន្ត្រីតុងហ្កា លោក ស៉ីអៅស៉ី ស៉ូវ៉ាឡេនី (Siaosi Sovaleni) ហើយក៏បានចូលគាល់ព្រះមហាក្សត្រតុងហ្កា ព្រះអង្គ ទូផូទី៦ (Tupou VI) នៅឯព្រះរាជវាំងផងដែរ។ រដ្ឋាភិបាលតុងហ្កា បានបន្ថែមថា «ជំនួបទាំងពីរ បានផ្តោតលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមរបស់ប្រជាជនចិន និងតុងហ្កា»។
កិច្ចព្រមព្រៀងរវាងចិន-តុងហ្កា រួមមានរវាងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសទាំងពីរ ហើយចិននឹងផ្តល់ បន្ទប់ពិសោធន៍ប៉ូលិស រួមទាំងឧបករណ៍ត្រួតពិនិត្យផ្នែកគយ ព្រមទាំងអនុស្សរណៈស្តីពី «សេដ្ឋកិច្ចពណ៌ខៀវ» ដែលនឹងជួយដល់ការអភិវឌ្ឍន៍រយៈពេលវែង របស់ប្រទេសដែនកោះតុងហ្កា។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ កំលុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ដែលបានរៀបចំឡើងដោយលោក Wang នៅក្នុងប្រទេសដែនកោះហ្វីជី ជាមួយសមភាគីមកពីប្រទេសដែនកោះប៉ាស៉ីហ្វិកចំនួន១០ ការពិចារណាលើ កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលគ្របដណ្តប់លើផ្នែកប៉ូលិស សន្តិសុខ ជនផល ទិន្នន័យ និងតំបន់ពាណិជ្ជកម្មសេរី ដែលស្នើឡើងដោយភាគីចិន គឺត្រូវបានពន្យារពេល។ កិច្ចព្រមព្រៀងធំនោះ ត្រូវគេមើលឃើញថា អាចនឹងធ្វើឱ្យក្រុមប្រទេសដែន កោះប៉ាស៉ីហ្វិក កាន់តែជិតស្និទ្ធជាមួយចិនថែមទៀត ដែលជាហេតុនឹងបង្កើនភាពតានតឹងភូមិសាស្រ្តនយោបាយ ជាមួយសហរដ្ឋអាមេរិក៕