(តូក្យូ)៖ ប្រធានខុទ្ទកាល័យ នៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលជប៉ុន គាំទ្រការសម្រេចចិត្តរបស់សហភាពអឺរ៉ុប (EU) ក្នុងការដាក់ទណ្ឌកម្មសឹងទាំងស្រុង លើការនាំចូលប្រេងរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។
ក្នុងសន្និសីទសារព័ត៌មាន លោក ម៉ាត់ស៊ូណូ បានគូសបញ្ជាក់ថា «ការនាំចេញប្រេងគឺជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីឱ្យរុស្ស៉ីទទួលបានរូបិយប័ណ្ណបរទេស ហើយខ្ញុំស្វាគមន៍ចំពោះការដែល EU បានយល់ព្រមធ្វើការរួមគ្នា លើចំណាត់ការដែលនឹងឈានដល់ ការកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៉ី»។ បើតាមលោក ម៉ាត់ស៊ូណូ ជប៉ុនក៏នឹងគាំទ្រដល់គោលបំណងរបស់ក្រុមប្រទេស G7 ដែលចង់កាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៉ីដែរ។
លោក ម៉ាតស៊ូណូ បានបន្ថែមថា «វាគឺជាការសម្រេចចិត្តដ៏លំបាក សម្រាប់ក្រុមប្រទេសរបស់យើង ដែលពឹងផ្អែកស្ទើរតែទាំងស្រុង លើការនាំចូលប្រេងពីរុស្ស៉ីនេះ ប៉ុន្តែឥលូវនេះគឺជាពេល ដែលការរួបរួមសាមគ្គីគ្នារបស់ G7 មានសារៈសំខាន់ជាខ្លាំង»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) បានប្រកាសថា សហភាពអឺរ៉ុប បានឈានទៅសម្រេចបាននូវ «កិច្ចព្រមព្រៀងមួយជាគោលការណ៍» ស្តីពីការហាមឃាត់ ការនាំចូលប្រេងពីប្រទេសរុស្ស៉ី ខណៈដែលបញ្ហានៅសល់១០% ទៀត នឹងត្រូវពិភាក្សាគ្នាលើការបញ្ជូនតាមបំពង់ប្រេង នាពេលឆាប់ៗខាងមុខ៕