(ប៉េកាំង)៖ ទីក្រុងប៉េកាំងនាដើមសប្តាហ៍នេះ បានរិះគន់វាយបកជាថ្មីម្តងទៀតទៅលើទីក្រុងវ៉ាស៉ីនតោន ដោយលើកឡើងថា សហរដ្ឋអាមេរិក មិនមានសិទ្ធិឡើយក្នុងនិយាយអំពីច្បាប់អន្តរជាតិ បន្ទាប់ពីខ្លួនឯងផ្ទាល់ បានរំលោភបំពានក្រឹត្យក្រមទាំងនោះ ជាច្រើនលើកច្រើនសាមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។
កំលុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃខ្លីមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) ត្រូវបានស្នើឱ្យឆ្លើយតបនឹង ការអត្ថាធិប្បាយនាពេលថ្មីៗនេះ ដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីងកិន (Antony Blinken) ដែលបានលើកឡើងថា ចិនបានបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតក្នុងរយៈពេលវែង ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ។
លោក Zhao បានឆ្លើយតបដោយនិយាយថា សម្តីរបស់លោក Blinken គឺពោរពេញដោយពាក្យភូតកុហក ហើយតាមពិតវិញនោះ គឺសហរដ្ឋអាមេរិកឯណោះទេ ដែលបានបង្កបញ្ហាប្រឈមធំបំផុត ចំពោះពិភពលោក។ លោក Zhao បានគូសបញ្ជាក់ថា សណ្តាប់ធ្នាប់អន្តរជាតិ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក គឺមានន័យថាជា សណ្តាប់ធ្នាប់ដែលផ្អែកលើក្រឹត្យក្រមរបស់អាមេរិកផ្ទាល់ ដែលបម្រើដល់ផលប្រយោជន៍ និងអនុត្ដរភាពរបស់ទីក្រុងវ៉ាស៉ីនតោន។
បើតាមលោក Zhao ចាប់តាំងពីសង្រ្គាមលោកលើកទី២មក អាមេរិកបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលបរទេសច្រើនជាង៥០ និង ជ្រៀតជ្រែកដំណើរការបោះឆ្នោត នៅក្នុងប្រទេសយ៉ាងហោច៣០។ មិនតែប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០០១ សង្រ្គាមនិងប្រតិបត្តិការយោធា ដែលអាមេរិកចាប់ផ្តើមឡើងក្រោមស្លាក យុទ្ធនាការប្រឆាំងអំពើភេវកម្ម បានផ្តាច់ជីវិតមនុស្សសរុបជាង ៨សែននាក់ និង បង្កឱ្យមានជនភៀសខ្លួនសរុបជាង ២០លាននាក់ ចេញពីប្រទេសដែលរងការប៉ះពាល់ដូចជា អាហ្វហ្កានីស្ថាន អ៉ីរ៉ាក់ និងស៉ីរី ជាដើម។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៉ីនតោន ក៏បានដើរចេញពីកិច្ចព្រមព្រៀងនិងស្ថាប័នអន្តរជាតិជាច្រើន តាមតែទំនើងចិត្តផងដែរ។
ជាចុងក្រោយ អ្នកនាំពាក្យចិនរូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគ្មានសិទ្ធិអ្វីទាំងអស់ ក្នុងការនិយាយអំពីច្បាប់អន្តរជាតិ ឬក៏ចោទប្រទេសដទៃថា បានធ្វើយ៉ាងដូច្នោះ ដ្បិតទីក្រុងវ៉ាស៉ីនតោន បានបំពានជាដដែលៗលើច្បាប់ទាំងនោះ ហើយធ្វើបែបនោះច្រើនជាងប្រទេសណាៗទាំងអស់។ លោក Zhao បានបន្ថែមថា នយោបាយការបរទេសរបស់អាមេរិក គឺជាការធ្វើការទូតបែបគាបសង្កត់ ដែលយកច្បាប់ក្នុងស្រុកធំជាងច្បាប់អន្តរជាតិ ហើយដាក់ទណ្ឌកម្មដោយមិនញញើតដៃ និងអនុវត្តយុត្តាធិការហួសដែនកំណត់ ទៅលើប្រទេសដែលមានអធិបតេយ្យភាពពេញលេញ៕