(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) បាននិយាយនៅថ្ងៃអង្គារនេះថា ទីបំផុតមេដឹកនាំ សហភាពអឺរ៉ុប បានឈានទៅសម្រេចបាននូវ «កិច្ចព្រមព្រៀងមួយជាគោលការណ៍» ស្តីពីការហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្ស៉ី។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។
លោកស្រី ឡេយិន បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅក្នុងទីក្រុងព្រុចសែល យ៉ាងដូច្នេះថា «ខ្ញុំរីករាយណាស់ ដែលមេដឹកនាំទាំងអស់អាចយល់ព្រមជាគោលការណ៍ លើកញ្ចប់ទណ្ឌកម្មទី៦នេះ»។ លោកស្រី ឡេយិន បានបន្ថែមថា «ឥលូវនេះ ក្រុមប្រឹក្សាគួរតែអាច បញ្ចប់ការនាំចូលស្ទើរតែ៩០ភាគរយ នៃប្រេងរបស់រុស្ស៉ីទាំងអស់ នៅចុងឆ្នាំ២០២២នេះ ហើយនេះគឺជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅមុខ ខណៈបញ្ហា នៅសល់១០% ទៀត យើងនឹងពិភាក្សាគ្នាលើការបញ្ជូនតាមបំពង់ប្រេងនាពេលឆាប់ៗខាងមុខនេះ»។
គួរបញ្ជាក់ថា នៅកញ្ចប់ទណ្ឌកម្មទី៦នេះ នឹងហាមឃាត់លើការបញ្ជូនប្រេងពីរុស្ស៉ី ទៅកាន់សហភាពអឺរ៉ុបតាមសមុទ្រ ចាប់ពីចុងឆ្នាំនេះតទៅ លើកលែងតែ ប្រេងដែលផ្តល់ដោយបំពង់បង្ហូរប្រេង Druzhba របស់រុស្ស៉ី ដែលផ្គត់ផ្គង់ដល់ប្រទេសហុងគ្រី, ស្លូវ៉ាគី និង ឆែកប៉ុណ្ណោះ៕