(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃចន្ទសប្តាហ៍នេះ បានរាយការណ៍អំពីការសកម្មភាពលុកលុយរបស់កងទ័ពអាកាសចិន ចូលក្នុងតំបន់ការពារដែនអាកាស របស់ខ្លួន ខណៈយន្តហោះចម្បាំងតៃវ៉ាន់បានហោះប្រដេញព្រមានយន្តហោះចិនទាំងនោះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិនដល់ទៅ៣០គ្រឿង បានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាស ឬ ADIZ ហើយក្រសួងបានហៅសកម្មភាពយោធាដែលកើតមានឡើងជាដដែលៗរបស់ចិនថាជា «យុទ្ធសាស្ត្រសង្រ្គាមតំបន់ប្រផេះ» ដែលត្រូវបានរៀបចំ ឡើងដើម្បីធ្វើឱ្យកងកម្លាំងរបស់តៃវ៉ាន់នឿយហត់ តាមរយៈការធ្វើឱ្យពួកគេហោះប្រដេញ និងដើម្បីធ្វើតេស្ដលើសមត្ថភាពឆ្លើយតបពីសំណាក់ កោះតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្តហោះចម្បាំងចំនួន៣០គ្រឿនេះ បានធ្វើសកម្មភាពនៅក្នុងតំបន់មួយ ស្ថិតនៅភាគឦសាននៃ កោះប្រ៉ាតាស់ (Pratas) ទោះបីជាទីតាំងនោះស្ថិតនៅឆ្ងាយពីតៃវ៉ាន់ក៏ដោយ។ តៃវ៉ាន់ក៏បានបញ្ជូនយន្តហោះចម្បាំងទៅព្រមានយន្តហោះចិនវិញ ដែរ ខណៈប្រព័ន្ធស្ទាក់ចាប់មីស៊ីលក៏បានធ្វើសកម្មភាពតាមដានយន្ដហោះចម្បាំងចិនផងដែរ។
គួរបញ្ជាក់ថា ជុំវិញការលើកឡើងរបស់តៃវ៉ាន់នេះ ប្រទេសចិននៅមិនទាន់ធ្វើការឆ្លើយតបនោះទេ។ រយៈពេល ២ឆ្នាំចុងក្រោយនេះ តៃវ៉ាន់ បានត្អូញត្អែរអំពីបេសកកម្មរបស់ម្តងហើយម្តងទៀត របស់កងកម្លាំងអាកាសចិន នៅក្បែរកោះតំបន់ការពារដែនអាកាសរបស់ខ្លួន ឬ នៅជិតកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់៕