(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៦,៨៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៥,៧៣០,៥៩៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៣១,២៨៦នាក់ និងជាសះស្បើយឡើងវិញសរុប ៨២.១៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៨៧លានដូស ក្នុងនោះប្រជាជន ២៥៨.៤៦លាននាក់ (៧៨.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២២១.១៩លាននាក់ (៦៧.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ១០៣.២១លាននាក់ (៣១.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕