(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៩៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៣,៩៥៤ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១ករណីទៀត ជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៦,៦០៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤៥០,៤៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,០១៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣៨លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៧លានដូស ក្នុងនោះប្រជាជនជាង ៥២.៤០លាននាក់ (៧៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៧.៨៨លាននាក់ (៣៩.៩%) បានចាក់ដូសជំរុញ៕