(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានទទួលស្គាល់ថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ក៏នាំឲ្យសេដ្ឋកិច្ចរបស់អាល្លឺម៉ង់មានការខាតបង់ផងដែរ កំលុងពិធីបើកពិព័រណ៍ពាណិជ្ជកម្ម ក្នុងទីក្រុងហាន់ណូវើ (Hannover)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។
លោក សូលហ៍ បានថ្លែងយ៉ាងដូច្នេះថា «ពីមួយថ្ងៃទៅមួយថ្ងៃ ទណ្ឌកម្មកំពុងវាយលុកមេដឹកនាំ និងសេដ្ឋកិច្ចរបស់រុស្ស៉ីកាន់តែខ្លាំងឡើងៗ ហើយនៅក្នុងពេលដំណាលគ្នា យើងកំពុងធ្វើឲ្យប្រាកដថា ទណ្ឌកម្មទាំងនោះនឹងមិនបង្កផលលំបាកដល់យើងវិញ ក៏ដូចជាដៃគូអឺរុបរបស់យើង ក្នុងកម្រិតធ្ងន់ធ្ងរជាងរុស្ស៉ីឡើយ។
លោកអធិការបតីអាល្លឺម៉ង់ បានបន្ថែមថា «វាជាការប្រសើរដែលក្រុមអាជីវកម្ម គាំទ្រគោលនយោបាយនេះ។ ខ្ញុំដឹងថា វាបណ្តាលឲ្យមានខាតបង់ផ្នែកសេដ្ឋកិច្ច ចំពោះក្រុមហ៊ុនជាច្រើន។ ប៉ុន្តែយើងកំពុងព្យាយាមទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរ តាមរយៈការផ្តល់ជំនួយដល់ពួកគេ ក្នុងទម្រង់ផ្សេងៗ។ ទោះជាយ៉ាងនេះក្តី ការខាតបង់គឺពិតជាមានមែន ប៉ុន្តែខ្ញុំចង់និយាយថា ការខាតបង់ទាំងនេះ គឺតូចជាងឆ្ងាយណាស់ បើធៀបនឹងតម្លៃដែលយើងនឹងត្រូវបង់ ប្រសិនបើរុស្ស៉ីទទួលជោគជ័យ»។
គួរបញ្ជាក់ថា តាមសម្តីរបស់លោក សូលហ៍, គោលដៅរបស់អាល្លឺម៉ង់ គឺចង់ឲ្យជម្លោះនៅអ៊ុយក្រែន បញ្ចប់ឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ ចាប់តាំងពីរុស្ស៉ី បើកការវាយប្រហារចូលអ៊ុយក្រែន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានឆ្លើយតបដោយការដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើរុស្ស៉ី រួមទាំងបង្កើនការផ្គត់ផ្គង់សព្វាវុធ ដល់ទីក្រុងកៀវ៕