(បែរឡាំង)៖ ក្រុមបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7 នៅថ្ងៃចន្ទនេះ បានរួមគ្នាថ្កោលទោស ចំពោះការធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប (ICBM) ចុងក្រោយបង្អស់របស់កូរ៉េខាងជើង និងបានអំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់ របស់អង្គការសហប្រជាជាតិ (UN) ថ្កោលទោសចំពោះសកម្មភាពរបស់ប្រទេសនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ជាមួយនឹងមន្ត្រីគោលនយោបាយការបរទេសកំពូល របស់សហភាពអឺរ៉ុបថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្វើតេស្តមីស៉ីល ICBM ជាបន្តបន្ទាប់ មិនធ្លាប់មានពីមុនមក ជាមួយអាវុធដែលមានសមត្ថភាពកាន់តែខ្ពស់ឡើងៗ»

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃពុធសប្ដាហ៍មុន បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ចេញពីតំបន់ស៊ូណាន (Sunan) នៃភាគខាងជើងរដ្ឋធានីព្យុងយ៉ាង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើដំណើរចាកចេញពីតំបន់អាស៉ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន៕