(កដ្ឋមណ្ឌូ)៖ ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះនៃប្រទេសនេប៉ាល់ នៅថ្ងៃចន្ទនេះបានរាយការណ៍ឱ្យដឹងថា ពួកគេបានរកឃើញសាកសពមនុស្សចំនួន ១៤នាក់ហើយ ខណៈដែលពួកគេព្យាយាមស្វែងរកនៅតាមតំបន់ជួរភ្នំហិម៉ាល័យ ដែលរាយប៉ាយជាមួយនឹងបំណែកផ្នែកខ្លះ នៃយន្តហោះខ្នាតតូច DHC-6-300 ដែលបានធ្លាក់ជាមួយអ្នកដំណើរចំនួន ២២នាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ក្រុមមន្រ្តីបាននិយាយថា ឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិត គឺតិចតួចណាស់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។
យន្តហោះខ្នាតតូច DHC-6-300 របស់ក្រុមហ៊ុនអាកាសចរណ៍ឯកជន Tara Air ដែលដឹកអ្នកដំណើរទេសចរជនជាតិឥណ្ឌាចំនួន ៤នាក់, អាល្លឺម៉ង់ចំនួន ២នាក់ និងនេប៉ាល់ចំនួន ១៦នាក់បានធ្លាក់ កំលុងពេលមានអាកាសធាតុមិនល្អ ដោយមានពពកច្រើន ហើយត្រូវបានប្រទះឃើញដោយ កងទ័ពនេប៉ាល់នៅថ្ងៃចន្ទនេះ បន្ទាប់ពីប្រតិបត្តិការស្វែងរក ដែលត្រូវបានផ្អាកពេញមួយយប់ ចាប់ផ្តើមបន្តឡើងវិញ។
លោក តិច រាច ស៉ីទូឡា (Tek Raj Sitaula) អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ ទ្រីបហ៊ូវ៉ាន់ (Tribhuvan) ក្នុងទីក្រុង កដ្ឋមណ្ឌូ (Kathmandu) បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សាកសពមនុស្សចំនួន១៤នាក់ ត្រូវបានរកឃើញ ដោយក្រុមស្វែងរក និងជួយសង្គ្រោះ រហូតមកទល់ពេលនេះ។ លោក Sitaula បានបន្ថែមថា «ប្រតិបត្តិការស្វែងរកអ្នកផ្សេងទៀត កំពុងតែបន្ត»។ រីឯអ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៉ីវិលនេប៉ាល់ បានថ្លែងថា៖ «ឱកាសមានតិចតួចណាស់ ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត»។
គួរបញ្ជាក់ថា យន្តហោះខ្នាតតូច DHC-6-300 បានហោះចេញពីទីក្រុង ប៉ូការ៉ា (Pokhara) ចម្ងាយ ១២៥គីឡូម៉ែត្រ ពីភាគខាងលិចនៃទីក្រុង Kathmandu ឆ្ពោះទៅកាន់ទីក្រុង ចូមសុម (Jomsom) ចម្ងាយ ៨០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុង Pokhara កាលពីព្រឹកថ្ងៃអាទិត្យ ដែលជាធម្មតាការហោះហើរត្រូវការរយៈពេល ២០នាទី ប៉ុន្តែវាបានដាច់ការទាក់ទង នៅរយៈពេល ៥នាទីមុនពេលចុះចត៕