(ប៉ារីស)៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក ចូសេព បូរ៉ែល (Josep Borrell) បាននិយាយនៅថ្ងៃចន្ទនេះថា សមាជិកសហភាពអឺរ៉ុប គួរតែអាចឈានដល់កិច្ចព្រមព្រៀងមួយ លើកញ្ចប់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៉ី រួមទាំងការរឹតត្បិតលើការនាំចូលប្រេងផងដែរ កំលុងកិច្ចប្រជុំរវាងក្រុមមន្រ្តីរបស់ប្លុកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។
ថ្លែងប្រាប់ទូរទស្សន៍បារាំង លោក បូរ៉ែល បានគូសបញ្ជាក់ថា «យើងត្រូវតែសម្រេចជាឯកច្ឆន្ទ, ក្រោយពីមានកិច្ចពិភាក្សាដ៏តានតឹង កាលពីរសៀលម្សិលមិញ ក៏ដូចជាព្រឹកនេះ (ម៉ោងក្នុងតំបន់) ខ្ញុំគិតថានៅរសៀលនេះ យើងនឹងអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ជូនប្រមុខរដ្ឋរបស់ប្រទេសជាសមាជិក»។
នៅពេលដែលលោកត្រូវបានសួរថា តើផែនការរួមបញ្ចូលការហាមឃាត់លើ ការនាំចូលប្រេងរបស់រុស្ស៉ី អាចបរាជ័យដោយសារតែមានការជំទាស់ពីប្រទេសហុងគ្រី និងបណ្តារដ្ឋនៅអឺរ៉ុបខាងកើត ដែរឬទេ? លោក បូរ៉ែល ឆ្លើយថា «ទេ, ខ្ញុំមិនគិតដូច្នេះទេ.... ចុងបញ្ចប់កិច្ចព្រមព្រៀងមួយ នឹងលេចចេញជារូបរាងឡើង»។
គួរបញ្ជាក់ថា សំណើរដែលកំពុងពិភាក្សា ក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប មានគោលដៅហាមឃាត់លើ ការបញ្ជូនប្រេងពីរុស្ស៉ី មកកាន់សហភាពអឺរ៉ុបតាមសមុទ្រ នៅត្រឹមចុងឆ្នាំនេះ លើកលែងតែប្រេងដែលបញ្ជូនបំពង់បង្ហូរប្រេង ឌ្រូសបា (Druzhba) របស់រុស្ស៉ី ដែលផ្គត់ផ្គង់ដល់ប្រទេសហុងគ្រី, ស្លូវ៉ាគី និង ឆែក៕