(តូក្យូ)៖ រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន លោក យ៉ូស៉ីហ៉ីសា ហ៊្វូរូកាវ៉ា (Yoshihisa Furukawa) កាលពីពេលថ្មីៗនេះ បាននិយាយថា មានករណីមួយចំនួនបានកើតឡើង ដោយជនជាតិអ៊ុយក្រែនដែលភៀសខ្លួនមកកាន់ប្រទេសជប៉ុន បាននាំគ្នាធ្វើការងារ ជាបុគ្គលិកនៅតាម កន្លែងផ្តល់សេវាកម្សាន្តសម្រាប់មនុស្សពេញវ័យ ហើយលោកបានព្រមានថា ការងារបែបនេះ គឺមិនត្រូវបានអនុញ្ញាតនៅក្រោមប្រភេទទិដ្ឋាការ របស់ពួកគេនោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Japan Times នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។
បើតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន គឺគិតត្រឹមសប្តាហ៍មុន ជនជាតិអ៊ុយក្រែនសរុបជាង ១,០០០នាក់ បានរត់ភៀសខ្លួនមកកាន់ប្រទេសជប៉ុន។ ជនភៀសខ្លួនអ៊ុយក្រែនទាំងនោះ ត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរទិដ្ឋាការ ទៅជាប្រភេទដែលអាចឱ្យពួកគេ ស្នាក់នៅក្នុងប្រទេសជប៉ុន ហើយធ្វើការងារបានរយៈពេល១ឆ្នាំ។ ប៉ុន្តែក្នុងនោះ ពុំមានការអនុញ្ញាតឱ្យពួកគេ អាចធ្វើការនៅតាមកន្លែងផ្តល់សេវាកម្មកម្សាន្ត សម្រាប់មនុស្សពេញវ័យឡើយ។
លោក Furukawa បានឱ្យដឹងថា ទីភ្នាក់ងារអន្តោប្រវេសន៍ជប៉ុន បានផ្ញើលិខិតជូនដំណឹងទៅកាន់ ជនភៀសខ្លួនអ៊ុយក្រែនទាំងអស់ ហើយ ដែលស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីឱ្យពួកគេបានដឹងថា ការងារបែបនេះ គឺល្មើសនឹងទិដ្ឋាការរបស់ពួកគេ។ លោករដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន បានបង្ហាញក្តីបារម្ភថា ជនភៀសខ្លួនអ៊ុយក្រែនមួយចំនួន នៅក្នុងប្រទេសជប៉ុន អាចនឹងក្លាយជាជនរងគ្រោះ នៃសកម្មភាពជួញដូរមនុស្ស។
គួរបញ្ជាក់ថា បើនិយាយនៅទូទាំងពិភពលោកវិញ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានអះអាងថា ជនភៀសខ្លួនអ៊ុយក្រែនមួយចំនួន បានក្លាយជាជនរងគ្រោះ នៃអំពើជួញដូរមនុស្សរួចទៅហើយ៕