(កដ្ឋមណ្ឌូ)៖ កងទ័ពនៃប្រទេសនេប៉ាល់ បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានរកឃើញទីតាំងនៃយន្តហោះដឹកអ្នកដំណើរចំនួន ២២នាក់ ដែលបានធ្លាក់ កំលុងពេលមានអាកាធាតុមិនល្អដោយមានពពកច្រើន កាលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនោះហើយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។
អ្នកនាំពាក្យនៃកងទ័ពនេប៉ាល់ លោក ណារ៉ាយ៉ាន ស៊ីវ៉ាល់ (Narayan Silwal) បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ក្រុមស្វែងរក និងជួយសង្រ្គោះកំណត់បានទីតាំងធ្លាក់យន្តហោះនោះហើយ»។ ជាមួយគ្នានោះ លោកក៏បានបង្ហាញរូបភាពនៃបំណែកយន្តហោះដោយផ្នែកខ្លះ បានធ្លាក់រាយប៉ាយនៅជម្រាលភ្នំផងដែរ តែមិនបានបញ្ជាក់ពីជោគវាសនារបស់មនុស្សដែលជិះយន្ដហោះខាងលើនោះទេ។
ក្រុមហ៊ុនអាកាសចរណ៍ និងមន្រ្តីរដ្ឋាភិបាល បានឲ្យដឹងថា យន្តហោះខ្នាតតូច DHC-6-300 របស់ក្រុមហ៊ុនអាកាសចរណ៍ឯកជន Tara Air មានដឹកអ្នកដំណើរទេសចរជនជាតិឥណ្ឌា ចំនួន៤នាក់ អាល្លឺម៉ង់២នាក់ និងនេប៉ាល់១៦នាក់ បានចេញពីទីក្រុង ប៉ូការ៉ា (Pokhara) ចម្ងាយ១២៥គីឡូម៉ែត្រ ពីភាគខាងលិចនៃរដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu) ហើយក្រោយពេលហោះហើររយៈពេល២០នាទី ក៏បានបាត់ទំនាក់ទំនង។
អ្នកនាំពាក្យអាជ្ញាធរអាកាសចរស៊ីវិលនេប៉ាល់ បាននិយាយថា ពេលនេះ ឧម្ភាគចក្រចំនួន៥គ្រឿង កំពុងធ្វើប្រតិបត្តិការនៅលើទីតាំង ដែលបានរកឃើញ។
គួរបញ្ជាក់ថា បើតាមគេទំហទំព័រតាមដានការហោះហើរ Flightradar24, យន្តហោះដែលធ្លាក់នេះបានធ្វើការហោះហើរលើកដំបូង ក្នុងខែមេសា ឆ្នាំ១៩៧៩។ នេប៉ាល់ គឺជាប្រទេសដែលមានភ្នំខ្ពស់ចំនួន៨ ក្នុងចំណោមភ្នំខ្ពស់បំផុតទំាង១៤ របស់ពិភពលោក រួមទាំង អេវឺរ៉េស ផងនោះ ហើយមានកំណត់ត្រាគ្រោះថ្នាក់ផ្នែកអាកាសខ្ពស់។ អាកាសធាតុក្នុងប្រទេសនេះ អាចផ្លាស់ប្តូរភ្លាមៗ ហើយជើងហោះហើរជាធម្មតា មានទីតាំងនៅតំបន់ភ្នំ ដែលពិបាកទៅដល់៕