(ប៉េកាំង)៖ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំពិភាក្សាលើកទី ៣៩ ស្តីពីការធ្វើឱ្យស៊ីជម្រៅ នូវការស្វែងរកប្រភពដើមនៃអរិយធម៌ចិន។ នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ លោក Xi Jinping អគ្គលេខាធិការបក្សបានគូសបញ្ជាក់ថា ត្រូវស្វែងយល់យ៉ាងស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រអភិវឌ្ឍន៍ជាង ៥ពាន់ឆ្នាំរបស់ប្រជាជាតិចិន ជំរុញការសិក្សាស្រាវជ្រាវអរិយធម៌និងប្រវត្តិសាស្រ្តចិន ឱ្យបានស៊ីជម្រៅ ក៏ដូចជាជំរុញឱ្យបក្សទាំងមូលនិងសង្គមទាំងមូល បង្កើនការស្វែងយល់ពីប្រវត្តិសាស្រ្ត និងពង្រឹងជំនឿចិត្តខាងវប្បធម៌។
លោក Xi Jinping បានគូសបញ្ជាក់ថា សមិទ្ធផលសិក្សាស្រាវជ្រាវនៃការស្វែងយល់ពី ប្រភពដើមនៃអរិយធម៌ចិននិងគម្រោងសំខាន់ៗមួយចំនួនទៀត បានបញ្ជាក់ពីប្រវត្តិសាស្រ្ត នៃមនុស្សជាតិរាប់លានឆ្នាំ ប្រវត្តិសាស្ត្រនៃវប្បធម៌មួយម៉ឺនឆ្នាំនិងប្រវត្តិសាស្ត្រនៃអរិយធម៌ជាង ៥ពាន់ឆ្នាំរបស់ប្រទេសចិន។ តែសមិទ្ធផលដែលគម្រោងទាំងនេះ ទទួលបានគ្រាន់តែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយទេ ពោលគឺនៅនៅមានអាថ៌កំបាំងប្រវត្តិសាស្រ្តជាច្រើនទៀត ដែលយើងត្រូវរុករក។
លោក Xi Jinping បានគូសបញ្ជាក់ទៀតថា អរិយធម៌ចិនមានឈ្មោះល្បីរន្ទឺ ដោយសារភាពបើកទូលាយនិងបរិយាប័ន្ន។ ដូចនេះ ត្រូវប្រកាន់ខ្ជាប់នូវការផ្សព្វផ្សាយពី គុណតម្លៃរួមរបស់មនុស្សជាតិ ដែលបង្កប់ក្នុងអរិយធម៌ចិន ជំរុញការបង្កើតសហគមន៍វាសនារួមរបស់មនុស្សជាតិ បង្ហាញចំពោះពិភពលោកនូវរូបរាងចិន ដែលគួរឱ្យជឿទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរព ដើម្បីឱ្យពិភពលោកយល់ដឹងពីប្រទេសចិន ប្រជាជនចិន បក្សកុម្មុយនិស្តចិននិងប្រជាជាតិចិន៕
ដោយ ៖ វិទ្យុមិត្តភាពកម្ពុជាចិន