(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា បណ្ដាប្រទេសលោកខាងលិច មានផែនការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ីជាយូរមកហើយ ដោយពួកគេទំនងជានឹង មិនដកវាចេញវិញនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។
លោក Lavrov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកបាននិយាយថាភាគីទាំងពីរ កំពុងបណ្តេញអ្នកការទូត។ យើងមិនដែលបណ្តេញនរណាម្នាក់ ទេ។ ការដាក់ទណ្ឌកម្មទាំងនេះគឺដូចជាការភ័យស្លន់ស្លោរ ដែលវាត្រូវបានផ្តួចផ្តើមឡើងដោយបណ្ដាប្រទេសលោកខាងលិច។ ពេលវេលា និង វិសាលភាពដែលពួកគេចំណាយក្នុងការដាក់ទណ្ឌកម្មទាំងនេះ បានបង្ហាញថា ពួកគេមិនមែនបង្កើតវាឡើង «តែមួយយប់» នោះទេ។ ពួកគេ បានគ្រោងទុកជាយូរមកហើយ។ ទណ្ឌកម្មទាំងនេះទំនងជានឹងមិនត្រូវបានដកចេញវិញ ឡើយ»។
លោក Lavrov បានបន្ថែមថា «រុស្ស៉ីមិនបណ្ដោយឱ្យបណ្ដាប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក គ្រប់គ្រងពិភពលោកមួយតែម្នាក់ឯង នោះទេ។ តើភូមិសាស្ត្រនយោបាយរបស់អឺរ៉ុបនឹងមានប្រយោជន៍អ្វីពីវា? ខ្ញុំមិនដឹងទេ។ អ្នកវិភាគនយោបាយនាពេលឥឡូវនេះ បាននិយាយថា តាមទស្សនៈវិស័យនាពេលអនាគត អឺរ៉ុបនឹងក្លាយជាអ្នកចាញ់ដ៏ធំបំផុត»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូល អ៊ុយក្រែន ដោយអះអាងថាវាជាប្រតិបត្តិការយោធាពិសេស។ ប៉ុន្តែ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងបណ្ដាប្រទេស មួយចំនួនទៀតចាត់ទុកថាជាទង្វើឈ្លានពាន និងបានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងបុគ្គល និងនីតិបុគ្គលរបស់រុស្ស៉ី៕