(តេហេរ៉ង់)៖ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានរឹបអូសកប៉ាល់ដឹកប្រេងរបស់ប្រទេសក្រិក ចំនួនពីរគ្រឿងនៅឯឈូងសមុទ្រពែក្ស នៅថ្ងៃសុក្រសប្តាហ៍នេះ តែប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុងអាថែន (Athens) អះអាងថានឹងប្រគល់ប្រេងរបស់អ៉ីរ៉ង់ដែលខ្លួនរឹបអូសបានពីកប៉ាល់ដឹកប្រេងរុស្ស៊ីមួយគ្រឿង ទៅឱ្យទីក្រុងវ៉ាស៊ីនតោន។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ឆ្មាំបដិវត្តន៍បានបញ្ជាក់ដូច្នេះថា «កងទ័ពជើងទឹកអ៉ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងរបស់ក្រិកចំនួនពីរគ្រឿង នៅក្នុងឈូងសមុទ្រ ពែក្ស ដោយសារតែការបំពានត្រូវបានប្រព្រឹត្តឡើង»។ ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះដដែល មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាការរំលោភបំពាននោះទេ។
ជុំវិញបញ្ហានេះ ក្រិកបានចោទថាអ្វីដែលអ៉ីរ៉ង់កំពុងធ្វើ គឺជាទង្វើចោរសមុទ្រ។ សកម្មភាពរបស់អ៉ីរ៉ង់ ក្នុងការរឹបអូសកប៉ាល់ដឹកប្រេងក្រិកនាពេលនេះគឺបង្ហាញពី ការកើនឡើងយ៉ាងខ្លាំងលើជម្លោះការទូត ដែលបានផ្ទុះឡើង ចាប់តាំងពីក្រិកបានរឹបអូសកប៉ាល់ដឹកប្រេងរុស្ស៊ី និងទំនិញរបស់អ៉ឺរ៉ង់ កាលពីខែមេសា ក្រោមហេតុផលថាវាជាការរំលោភច្បាប់អន្តរជាតិ ហើយថានឹងប្រគល់ទៅឱ្យសហរដ្ឋអាមេរិក ស្របពេលក្រសួងការបរទេសអ៉ីរ៉ង់ បានទទូចឲ្យក្រិកដោះលែង កប៉ាល់របស់ខ្លួន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មឡើងវិញលើអ៉ឺរ៉ង់ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ សម្រេចដកសហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងទីក្រុងតេហេរ៉ង់ ជាមួយប្រទេសមហាអំណាច កាលពីឆ្នាំ២០១៨ ដែលកាលនោះការនាំចេញប្រេង គឺជាគោលដៅដ៏សំខាន់មួយ នៃទទណ្ឌកម្មអាមេរិក៕