(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសដាក់ចេញនូវទណ្ឌកម្ម លើធនាគាររុស្ស៉ីចំនួន២ រួមទាំងក្រុមហ៊ុនកូរ៉េខាងជើង និងបុគ្គលម្នាក់ដែលអាមេរិកចោទថាបានគាំទ្រកម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើង ដើម្បីបង្កើនសំពាធលើទីក្រងព្យុងយ៉ាងជុំវិញការធ្វើតេស្ដ មីស៊ីលផ្លោងនាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។
បើតាមសេចក្តីថ្លែងការណរណ៍, ក្រសួងហិរញ្ញវត្ថុអាមេរិក បានកំណត់គោលដៅលើក្រុមហ៊ុន អ៊ែរ ក័រយ៉ូ ត្រេតឌីង ខប (Air Koryo Trading Corp) ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុរបស់រុស្ស៉ីចំនួន២ គឺធនាគារ ហ្វា អ៉ឺសស្ទើន (Far Eastern) និងធនាគារ ស្ពធនីក (Sputnik) សម្រាប់ការរួមចំណែកដល់លទ្ធកម្ម និងការបង្កើតប្រាក់ចំណូលដល់រដ្ឋាភិបាលកូរ៉េខាងជើង។ ជាមួយគ្នានោះដែរ ទីក្រុងវ៉ាស៊ីនតោនក៏បានកំណត់ទណ្ឌកម្មលើបុគ្គលម្នាក់ឈ្មោះ ជុង យុងណាម (Jong Yong Nam) ដែលជាអ្នកតំណាងអង្គភាពមួយចំណុះឱ្យបណ្ឌិសភាវិទ្យាសាស្រ្តកូរ៉េខាងជើង មានមូលដ្ឋាននៅក្នុងប្រទេសបេឡារុស ក្រោមហេតុផលថាស្ថាប័ននេះគាំទ្រដល់អង្គភាពជាច្រើនក្នុងប្រទេសកូរ៉េខាងជើង ដែលមានទំនាក់ទំនងនឹងការអភិវឌ្ឍន៍មីស៊ីលផ្លោង។
អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកស៊ើបការណ៍ភេរវកម្ម និងហិរញ្ញវត្ថុ លោក ប្រាយអេន ណេលសុន (Brian Nelson) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សហរដ្ឋអាមេរិកនឹងបន្តអនុវត្តទណ្ឌកម្ម ដែលមានស្រាប់ ព្រមជាមួយនឹងការជំរុញឱ្យកូរ៉េខាងជើង ត្រឡប់មករកផ្លូវការទូតវិញ ហើយបោះបង់ចោលការគំនិតផលិតអាវុធប្រល័យលោក និងមីស៊ីលផ្លោង»។
គួរបញ្ជាក់ថា ចំណាត់ការចុងក្រោយនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីចិន និងរុស្ស៊ី បានបោះឆ្នោតវេតូ លើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិកឲ្យ អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ជុំវិញការបាញ់មីស៊ីលផ្លោងរបស់ខ្លួននាពេលថ្មីនេះ៕