(វ៉ាស៊ីនតោន)៖ ក្រុមមន្រ្តីការទូតអាមេរិក បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កំលុងពេលនេះទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាជាមួយទីក្រុងកៀវ អំពីហានិភ័យនៃគ្រោះថ្នាក់ដែលនឹងអាចកើនឡើង ក្រោយពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ផ្តល់អាវុធកាន់តែទំនើបៗដល់អ៊ុយក្រែន ហើយបើអាវុធទាំងនោះ ត្រូវប្រើប្រាស់វាយប្រហារចូលជ្រៅ ទៅក្នុងទឹកដីរបស់រុស្ស៉ី។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

បើតាមក្រុមមន្រ្តីអាមេរិក និងប្រភពការទូត, ការពិភាក្សាគ្នាក្រៅផ្លូវការខាងលើ ដែលពុំត្រូវបានគេរាយការណ៍ពីមុនមកទេនោះ មិនបានដាក់ការរឹតត្បិត លើការប្រើប្រាស់អាវុធ ដែលត្រូវផ្តល់ឱ្យអ៊ុយក្រែននោះឡើយ ប៉ុន្តែកិច្ចសន្ទនា បានផ្តោតលើការព្យាយាមស្វែងរក ការយល់ដឹងរួមគ្នាអំពីហានិភ័យ នៃការកើនឡើងនូវភាពតានតឹង ដែលបណ្តាលមកពីការប្រើអាវុធទាំងនោះ វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៉ី។

ក្រុមមន្រ្តីដដែល បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ យ៉ាងដូច្នេះថា «យើងមានការព្រួយបារម្ភអំពីការកើនឡើង នៃភាពតានតឹង ប៉ុន្តែក៏មិនចង់ធ្វើការដាក់កំហិតណាមួយលើ ឬក៏ធ្វើការរឹតត្បិតខ្លាំងពេក ទៅលើសម្ភារៈដែលយើងប្រគល់ឱ្យពួកគេនោះដែរ»។

រដ្ឋបាលរបស់លោក បៃដិន និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក មានឆន្ទៈកាន់តែខ្លាំងឡើងក្នុងផ្តល់ឲ្យអ៊ុយក្រែន នូវសព្វាវុធសម្រាប់វាយប្រហារចម្ងាយឆ្ងាយ ដូចជាកាំភ្លើងធំប្រភេទ M777 ហើយក៏កំពុងពិចារណាផ្តល់ ប្រព័ន្ធបាញ់រ៉ុក្កែតចម្ងាយរាប់រយគីឡូម៉ែត្រផងដែរ។ ដោយឡែក មន្ទីរបញ្ចកោណ កាលពីសប្តាហ៍មុន បានប្រកាសថា ប្រទេសដាណឺម៉ាក ក៏នឹងផ្តល់មីស៊ីលប្រឆាំងនាវា Harpoon រួមទាំង ពង្រីកការផ្តល់សព្វាវុធដល់អ៊ុយក្រែន ថែមទៀតផង។

គួរបញ្ជាក់ថា ទោះមិនបានចូលរួមប្រយុទ្ធតតាំងដោយផ្ទាល់ជាមួយកងទ័ពរុស្ស៉ីក៏ដោយ យោធាអាមេរិក បានស្ថិតក្នុងការទាក់ទងគ្នាជាប់ ជាមួយអ៊ុយក្រែន ដើម្បីផ្តល់ព័ត៌មានសំខាន់ៗ ដែលអនុញ្ញាតឱ្យអ៊ុយក្រែន អាចកំណត់គោលដៅ វាយប្រហារលើកងទ័ពរុស្ស៉ីទាំងនៅលើគោក និងនៅលើផ្ទៃទឹក៕