(អូតាវ៉ា)៖ ប៉ូលិសនៃទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅកាណាដា) បានបាញ់សម្លាប់ បុរសម្នាក់ដែលដើរកាន់កាំភ្លើង នៅក្បែរសាលារៀន ខណៈហេតុការណ៍នេះ បានធ្វើឱ្យសាលាចំនួន៥កន្លែង ដែលនៅក្បែរកន្លែងកើតហេតុ ត្រូវដាក់ឱ្យស្ថិតក្រោមការបិទខ្ទប់ ដើម្បីជាវិធានការបង្ការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

ករណីខាងលើបានកើតឡើង នៅតំបន់ ស្កាបូរ៉ូ (Scarborough) នៃទីក្រុង Toronto របស់កាណាដា ចម្ងាយតែប្រមាណជាង ១០០ម៉ែត្រប៉ុណ្ណោះ ពីសាលារៀនមួយ ក្នុងចំណោមសាលារៀនសរុបចំនួន៥ ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានការបិទខ្ទប់ អស់រយៈពេលប៉ុន្មានម៉ោង។

ស្នងការប៉ូលិសទីក្រុង Toronto លោក ជែម រ៉េមើ (James Ramer) បានឱ្យដឹងថា ខ្មាន់កាំភ្លើងមានអាយុខ្ទង់២០ឆ្នាំ ប៉ុន្តែលោកមិនបានផ្តល់ ការអត្ថាធិប្បាយលម្អិតអ្វីទៀតឡើយ ជុំវិញហេតុការណ៍នេះ អាជ្ញាធរជំនាញកំពុងបើកការស៉ើបអង្កេត។ យ៉ាងណាមិញ លោក Ramer បាននិយាយថា ដោយសារតែវាកើតឡើងនៅក្បែរសាលារៀន លោកយល់ច្បាស់ថា វាប្រហែលជារឿងដ៏តក់ស្លុតនិងរន្ធត់មួយហើយ សម្រាប់បុគ្គលិក កូនសិស្ស និងឪពុកម្តាយ ដោយសារតែព្រឹត្តិការណ៍ថ្មីៗនេះ ដែលបានកើតឡើងនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ខ្មាន់កាំភ្លើងម្នាក់នៅក្នុងរដ្ឋ Texas របស់អាមេរិក បានធ្វើសកម្មភាពបាញ់ប្រហារសម្លាប់ កូនសិស្សចំនួន១៩នាក់ និងគ្រូបង្រៀន២នាក់ នៅសាលាបឋមសិក្សាមួយកន្លែង ដែលជាករណីអំពើហិង្សាដោយកាំភ្លើងដ៏អាក្រក់បំផុតមួយ នៅសហរដ្ឋអាមេរិក៕