(ប៉េកាំង)៖ ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្រុងប៉េកាំង មហាសន្និបាតអង្គការសុខភាពពិភពលោក បានធ្វើសេចក្តីសម្រេចចិត្ត បដិសេធការដាក់បញ្ចូលសេចក្តីស្នើច្បាប់ របស់ប្រទេសមួយចំនួនតូចស្តីពីអ្វីដែលហៅថា «អញ្ជើញចិនតៃវ៉ាន់ឱ្យចូលរួម មហាសន្និបាតអង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកអង្កេតការណ៍» ទៅក្នុងរបៀបវារៈនៃមហាសន្និបាត។ នេះជាឆ្នាំទី៦ ជាប់ៗគ្នាហើយ ដែលមហាសន្និបាតអង្គការសុខភាពពិភពលោក បដិសេធសេចក្តីស្នើច្បាប់ពាក់ព័ន្ធតៃវ៉ាន់ ប្រការនេះបានបង្ហាញយ៉ាងពេញលេញថា គោលការណ៍ប្រទេសចិនមួយជាមតិឯកភាពរួម ក្នុងសហគមន៍អន្តរជាតិ មិនអនុញ្ញាតឱ្យបំពានបានទេ។ អ្នកផ្ដើមគំនិតទាំងឡាយដែល «គាំទ្រចិនតៃវ៉ាន់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក» កុំរកភាពអាម៉ាស់មកដាក់ខ្លួនទៀតអី។

មហាសន្និបាតអង្គការសុខភាពពិភពលោកលើកនេះ ជាមហាសន្និបាតទល់មុខផ្ទាល់ជាលើកដំបូង បន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ សាមគ្គីគ្នាធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាក្តីបំណងរួមរបស់សហគមន៍អន្តរជាតិ ។ ប៉ុន្តែ មុននឹងបើកធ្វើមហាសន្និបាតលើកនេះ «ប្រទេសបរាជ័យធ្ងន់ធ្ងរបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល» បានលេងកលល្បិចចាស់ៗ ដែលបានផ្ដួចផ្តើម «គាំទ្រតៃវ៉ាន់ចូលរួមមហាសន្និបាត» ប្រទេសលោកខាងលិចមួយចំនួនតិច ដូចជាអូស្ត្រាលី អង់គ្លេស កាណាដានិងជប៉ុនជាដើមក៏បានធ្វើតាមដានអាមេរិក។

ការលេងល្បែងនយោបាយ ដែលក្លាយបញ្ហាសុខាភិបាលជាបញ្ហានយោបាយ និងមិនអើពើពីផលប៉ះពាល់ ប្រយោជន៍សុខាភិបាលសាធារណៈអន្តរជាតិ បែបនេះ គោលដៅពិតប្រាកដ គឺចង់ «ទប់ស្កាត់ចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស»។ រីឯពួក «ចង់ឱ្យតៃវ៉ាន់ឯករាជ្យ» គឺប៉ុនប៉ងឱបឱ្យណែននូវកម្លាំងខាងក្រៅ សម្រាប់ធ្វើ «ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈធ្វើការប្រយុទ្ធជំងឺកូវីដ១៩»។ ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា នេះគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ។

មុននឹងបើកធ្វើមហាសន្និបាតអង្គការសុខភាពពិភពលោកលើកនេះ ប្រទេសចំនួនជិត៩០ បានបង្ហាញថានឹងប្រកាន់ខ្ជាប់ គោលការណ៍ប្រទេសចិនមួយ តាមរយៈវិធីផ្ញើសារលិខិតទៅកាន់អង្គការសុខភាពពិភពលោកជាដើម ដើម្បីសម្តែងគោលជំហរប្រឆាំងតៃវ៉ាន់ចូល រួមមហាសន្និបាតអង្គការសុខភាពពិភពលោក។ អាមេរិកនិងតៃវ៉ាន់គប់គិតគ្នា និងលេងល្បែងនយោបាយ ពិតជានឹងរងការប្រឆាំងព្រមៗគ្នា ពីសំណាក់ប្រទេសដែលប្រកាន់គោលជំហរសច្ចធម៌ នៅលើពិភពលោកជាក់ជាមិនខាន។

ក្រោមលក្ខខណ្ឌសមស្របនឹងគោលការណ៍ប្រទេសចិនមួយ រដ្ឋាភិបាលមជ្ឈិមចិនបានធ្វើការរៀបចំចាត់ចែង ដោយសមរម្យចំពោះការដែលតំបន់តៃវ៉ាន់ ចូលរួមកិច្ចការសុខាភិបាលជាសកល។ រដ្ឋាភិបាលមជ្ឈិមចិនមិនគ្រាន់តែ បានអញ្ជើញអ្នកជំនាញតៃវ៉ាន់ទៅធ្វើការត្រួតពិនិត្យ នៅក្រុងវូហាន ហើយក៏បានចែករំលែកឯកសារបច្ចេកទេស ចំនួនជាង៥០ច្បាប់ ដោយទាន់ពេលវេលា ព្រមទាំងបានរាយការណ៍វិធីសាស្ត្រសម្រាប់ចាប់យកលំដាប់ហ្សែននៃវីរុសទៀតផង ។ រដ្ឋាភិបាលមជ្ឈិមចិន បានរាយការណ៍សភាពការណ៍រាតត្បាតជំងឺឆ្លង ទៅកាន់តំបន់តៃវ៉ាន់ប្រហែល៤០០លើក។ ចាប់ពីខែមេសា ឆ្នាំ២០២១មក អ្នកជំនាញតៃវ៉ាន់ចំនួន៤៧នាក់ បានចូលរួមសកម្មភាពបច្ចេកទេស នៃអង្គការសុខភាពពិភពលោក សរុប៤៤លើក។ តំបន់តៃវ៉ាន់ ក៏បានទទួលរបាយការណ៍ស្តីពីការរីករាលដាល នៃជំងឺកូវីដ១៩ ពីលេខាធិការដ្ឋានអង្គការសុខភាពពិភពលោក ជាច្រើនលើកផងដែរ។

តាំងពីឆ្នាំ២០១៧រហូតដល់បច្ចុប្បន្ននេះ ឆាកល្ខោននយោបាយ «ចង់ឱ្យតៃវ៉ាន់ចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក» ទទួលបរាជ័យម្តងហើយម្តងទៀត ប្រទេសអាមេរិកនិងលោកខាងលិចមួយចំនួនតូច គួរតែពិចារណាកំហុសរបស់ខ្លួនឱ្យបានល្អ។ គោលការណ៍ប្រទេសចិនមួយមិនអនុញ្ញតបំពាននោះទេ ការក្លាយបញ្ហាសុខាភិបាលទៅជា បញ្ហានយោបាយក៏គ្មានអ្នកណាគាំទ្រនោះឡើយ។ ពិភពលោកទាំងមូលបានមើលច្បាស់ទៅហើយ នូវកលល្បិចនយោបាយរបស់អាមេរិកនិងតៃវ៉ាន់ ដែលគប់គិតគ្នាប៉ុនប៉ង «ទប់ស្កាត់ចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស» និង «ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» ប៉ុន្តែមិនថាពួកគេធ្វើឧបាយកលយ៉ាងណាក៏ដោយ ក៏សុទ្ធតែនឹងទទួលបរាជ័យជាមិនខានពោល គឺបានត្រឹមតែធ្វើឱ្យអ្នកផងអស់សំណើចតែប៉ុណ្ណោះ៕

អត្ថបទដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន