(ម៉ានីល)៖ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសន្យាថា រូបលោកនឹងទប់ស្កាត់រាល់ការប៉ុនប៉ងរបស់បរទេស ដែលសំដៅជ្រៀតជ្រែកកិច្ចការរបស់ប្រទេសហ្វីលីពីន ព្រមទាំងការពារអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីរបស់ប្រទេសលោក។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

លោក Marcos បានលើកឡើងដូច្នេះថា «អធិបតេយ្យភាពរបស់យើង គឺមិនអាចបំពានបានដាច់ខាត ហើយយើងក៏មិនលះបង់វា ក្នុងទម្រង់ណាមួយនោះដែរ។ យើងគឺជារដ្ឋអធិបតេយ្យ ដែលមានរដ្ឋាភិបាលត្រឹមត្រូវ។ យើងមិនចាំបាច់ឱ្យនរណាផ្សេង មកបង្គាប់បញ្ជាអំពី របៀបដឹកនាំប្រទេសរបស់ពួកយើងនោះទេ»។ លោក Marcos បានបន្តថា រូបលោកនឹងមិនអនុញ្ញាតឱ្យ បណ្តោយឆ្នេរដ៏ធំល្វឹងល្វើយ ឬមួយក៏តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសប្រជុំកោះនេះ ត្រូវរំលោភបំពានឡើយ។

កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Marcos ត្រូវបានសភាហ្វីលីពីន ប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៩ ខែឧសភា។ លោកនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី ជំនួស លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលផុតអាណត្តិ នៅថ្ងៃទី៣០ ខែមិថុនា ខណៈអាណត្តិរបស់លោកមានរយៈពេល៦ឆ្នាំ។

គួរបញ្ជាក់ថា លោក Marcos ត្រូវគេរំពឹងថា នឹងមានទំនោរងាកទៅរកចិន ខណៈកាលពីសប្តាហ៍មុន លោកបានសន្យាលើកកម្ពស់ ក៏ដូចជាពង្រីកចំណងទាក់ទងប្រទេសទាំងពីរ ឱ្យឡើងដល់កម្រិតថ្មីទៀត កំលុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង។ យ៉ាងណាមិញ ជំហរគាំទ្រចិន ត្រូវគេមើលឃើញថា អាចនឹងបង្កភាពស្មុគស្មាញដល់ទំនាក់ទំនងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តយូរអង្វែងរបស់ហ្វីលីពីន គឺសហរដ្ឋអាមេរិក៕