(ស្តុកខុល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងសហភាពអឺរ៉ុប (ECDC) នៅថ្ងៃពុធសប្ដាហ៍នេះបានរាយការណ៍ឱ្យដឹងថាចំនួនករណីឆ្លងនៃជំងឺអុតស្វា (Monkeypox) សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ២១៩ករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

ECDC បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសជាង ១០ ភាគច្រើន នៅទ្វីបអឺរ៉ុប បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺអុតស្វាដ៏កម្រ ហើយនេះគឺជាលើកទី១ ហើយ ដែលករណីឆ្លងត្រូវបានរកឃើញ ដោយមិនមានទំនាក់ទំនងនឹងការធ្វើដំណើរណាមួយទៅកាន់តំបន់អាហ្វ្រិកខាងលិច ឬអាហ្រ្វិកកណ្តាល ជាកន្លែងដែលជំងឺនេះឆ្លង រីករាលដាល»។ ECDC បានបន្ថែមថា ករណីឆ្លងភាគច្រើន ត្រូវបានរកឃើញលើបុរសវ័យក្មេងដែលជាបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរសដូចគ្នា។

ECDC បានអះអាងកាលពីដើមសប្តាហ៍នេះថា ហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺអុតស្វាគឺ «ទាបណាស់» ប៉ុន្តែបានព្រមានថា អ្នកដែលមានដៃគូរួមភេទច្រើន គឺមានហានិភ័យខ្ពស់ជាង។

ចក្រភពអង់គ្លេស បានរកឃើញករណីឆ្លងជំងឺអុតស្វាដ៏កម្រ ដែលមិនមានទំនាក់ទំនងនឹងការធ្វើដំណើរណាមួយទៅកាន់តំបន់អាហ្វ្រិកខាងលិចជាលើកដំបូង នៅដើម ខែឧសភានេះ ហើយបច្ចុប្បន្នមាន ៧១ករណីហើយ ខណៈអេស្ប៉ាញមាន ៥១ករណី និងព័រទុយហ្កាល់មាន ៣៧ករណី។ នៅក្រៅទ្វីបអឺរ៉ុប កាណាដាមាន ១៥ករណី និងសហរដ្ឋអាមេរិកមាន ៩ករណី។

ចំនួនករណីឆ្លងសរុប ដែលបានរាយការណ៍កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ បានកើនឡើង ៥ដងចាប់តាំងពីករណីឆ្លង ត្រូវបានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី២០ ខែឧសភា នៅពេលដែល ECDC បាននិយាយថា មានត្រឹមតែ ៣៨ករណីប៉ុណ្ណោះ។

គួរបញ្ជាក់ថា ជំងឺអុតស្វា គឺជាជំងឺមិនសូវធ្ងន់ធ្ងរទេ បើប្រៀបធៀបទៅនឹងជំងឺអុតធំ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសចំនួន១១ នៃតំបន់អាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្ដាល។ វាឆ្លងរីករាលដាល តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សាច់ ឬវត្ថុរាវក្នុងរាងកាយរបស់សត្វដែលមានមេរោគ ហើយរោគសញ្ញាដំបូង រួមមានគ្រុនក្តៅខ្លាំង មុនពេលវាវិវត្តទៅជាកន្ទួលរមាស់ភ្លាមៗ។ ប៉ុន្តែរោគសញ្ញាជាធម្មតា បាត់ទៅវិញបន្ទាប់ពី ២ ទៅ ៤សប្តាហ៍ ហើយធម្មតា វាមិនបណ្ដាលឱ្យស្លាប់នោះទេ៕