(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃអង្គារនេះថា តុលាការអ៉ីរ៉ង់ បានសម្រេចឃុំខ្លួនអភិបាលក្រុង អាបាដាន់ (Abadan) ដែលស្ថិតនៅភាគនិរតីនៃប្រទេស និងអ្នកពាក់ព័ន្ធចំនួន ៩នាក់ទៀត ជុំវិញការស៊ើបអង្កេតពីមូលហេតុ នៃការដួលរលំអគារមួយខ្នង ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ អគារបែបលំនៅដ្ឋាននិងពាណិជ្ជកម្មខាងលើ ដែលមានកម្ពស់១០ជាន់ បានដួលរលំអស់មួយផ្នែក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៨០នាក់ ជាប់គាំងនៅក្រោមគំនរបាក់បែក។

រដ្ឋអាជ្ញាក្នុងតំបន់ លោក សាឌិក ចាហ្វារី ចេហ្កេនី (Sadeq Jafari Chegeni) បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ថា «មនុស្សចំនួន ១០នាក់ដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនេះ រួមទាំងអភិបាលក្រុង Abadan បច្ចុប្បន្ន និងអតីត ព្រមទាំងបុគ្គលិកសាលាក្រុង និងអ្នកដែលត្រួតពិនិត្យគំរោងនេះផងដែរ ត្រូវបានឃុំខ្លួន ហើយការស៊ើបអង្កេតកំពុងបន្ត»។

អាជ្ញាធរអ៉ីរ៉ង់ បាននិយាយថា ផ្នែកផ្សេងទៀតនៃអគារ អាចនឹងដួលរលំ ហើយបានអំពាវនាវកុំឱ្យ មនុស្សប្រមូលផ្តុំនៅជិតកន្លែងនោះ។ លោក ម៉ូតាបា ខាលេឌី (Mojtaba Khaledi) អ្នកនាំពាក្យសេវាសង្គ្រោះបន្ទាន់រដ្ឋអ៉ីរ៉ង់ បានបន្ថែមថា រហូតមកទល់ពេលនេះ មនុស្សប្រហែល ៥០នាក់ អាចនៅតែជាប់គាំងនៅក្រោមគំនរបាក់បែក។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ អ្នកពន្លត់អគ្គីភ័យចំនួន ២០នាក់បានស្លាប់ នៅពេលដែលអគារពាណិជ្ជកម្មដែលមានកម្ពស់ ១៧ជាន់នៅក្នុងរដ្ឋធានីតេហេរ៉ង់ (Tehran) បានដួលរលំ ខណៈដែលពួកគេព្យាយាមពន្លត់ភ្លើង ដែលបានឆាបឆេះអគារនោះ។ ឧប្បត្តិហេតុនេះ បានជំរុញឱ្យមានការចោទប្រកាន់ថា ការព្រមានអំពីស្តង់ដារសុវត្ថិភាពមិនត្រឹមត្រូវ និងរចនាសម្ព័ន្ធខ្សោយរបស់អគារ មិនត្រូវបានអើពើ៕