(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា ដាណឺម៉ាកបានសន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) រួមជាមួយប្រព័ន្ធបាញ់មីស៉ីលមួយគ្រឿង ទៅកាន់អ៊ុយក្រែន ខណៈវាគឺជាសញ្ញាដំបូងបំផុត គិតចាប់តាំងតែពី ការឈ្លានពានរបស់រុស្ស៉ីកាលពីខែកុម្ភៈ ដែលបានបង្ហាញថា ទីក្រុងកៀវនឹងទទួលបានអាវុធ ដែលនឹងជួយពង្រីកចម្ងាយនៃ សមត្ថភាពវាយប្រហាររបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា រូបលោកសូមអរគុណជាពិសេស ចំពោះដាណឺម៉ាក ដែលបានប្រកាសថា ខ្លួននឹងផ្តល់មីស៉ីល Harpoon រួមជាមួយប្រព័ន្ធសម្រាប់បាញ់មីស៉ីលនេះចំនួន១គ្រឿង ដើម្បីជួយអ៊ុយក្រែនក្នុង ការការពារព្រំដែនឆ្នេរ។

មីស៉ីល Harpoon ដែលផលិតដោយក្រុមហ៊ុនអាមេរិក Boeing អាចប្រើប្រាស់ ដើម្បីរុញច្រានក្រុមនាវាចម្បាំងរបស់រុស្ស៉ី ឱ្យចេញពី កំពង់ផែនៅសមុទ្រខ្មៅរបស់អ៊ុយក្រែនបាន ដែលជាលទ្ធផលវានឹងអនុញ្ញាតឱ្យការនាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មដទៃទៀត អាចបន្តឡើងវិញ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អាមេរិកបាននិងកំពុងប្រឹងប្រែង ដើម្បីជួយផ្ទេរ សព្វាវុធមីស៉ីលប្រឆាំងនាវា ដែលអាចបាញ់បានចម្ងាយលើសពី ១០០គីឡូម៉ែត្រ ឱ្យទៅអ៊ុយក្រែន ស្របពេលកំពង់ផែរបស់អ៊ុយក្រែន ត្រូវបានបិទខ្ទប់ដោយនាវាយោធារុស្ស៉ី។

គួរបញ្ជាក់ថា កន្លងមកនេះ អ៊ុយក្រែនបានព្យាយាមស្វែងរក ជំនួយសព្វាវុធទំនើបៗបន្ថែមទៀត ដូចជាប្រព័ន្ធការពារដែនអាកាស, មីស៉ីលប្រឆាំងនាវាចម្បាំង រួមជាមួយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយ ប៉ុន្តែមកទល់ឥឡូវ ខ្លួនទទួលបានភាគច្រើនគឺ ប្រព័ន្ធមីស៉ីលចម្ងាយខ្លីដូចជា មីស៉ីលប្រឆាំងរថក្រោះ ចាវេលីន (Javelin) ហើយនិងកាំភ្លើងធំ៕